
កំពង់ចាម ៖ នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ឯកឧត្តម វុន ផារី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំពាមប្រធ្នោះស្រុកកោះសូទិន បានអញ្ជើញចូលរួម ពិនិត្យការដ្ឋានដែលកំពង់សាងសង់ផ្លូវលំ និងពង្រីកបន្ថែម ព្រមទាំងបានចូលរួមកិច្ចប្រជុំជីវភាពបក្ស និងផ្សព្វផ្សាយ គោលនយោបាយអភិវឌ្ឍន៍ ឃុំក្នុងឆ្នាំ ២០២២-២០២៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេឃុំ សេង សំអុល លោក លោកស្រីក្រុមប្រឹក្សាឃុំ ព្រះគ្រូចៅអធិការវត្តពាមប្រធ្នោះ និងព្រះគ្រូចៅអធិការវត្តជីហែ និងអ្នកមុខអ្នកការមួយចំនួនទៀត នៅសាខាបក្ស ភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិនខេត្តកំពង់ចាម។
ថ្លែងនៅក្នុងឱកាសដ៏សែនមនោរម្យនេះ ឯកឧត្តម វុន ផារី បានសម្ដែងនូវមនោសញ្ចេតនាយ៉ាងរីករាយជាទីបំផុត ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះលោកមេឃុំ មេភូមិ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំយកចិត្តទុកដាក់ កសាងនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជាប្រយោជន៍ ដល់ប្រទេសជាតិ ក៏ដូចជាការបម្រើប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងមូល។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វុន ផារី បានពាំនាំនូវប្រសាសន៍ដ៏ថ្លៃថ្លា របស់ឯកឧត្តម សុខ ចាន់ភក្តី ផ្ដាំផ្ញើរសួរសុខទុក្ខ បងប្អូនប្រជា ពលរដ្ឋទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី និងសូមឲ្យបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នថែរក្សាខ្លួនពីជំងឺ covid 19 ទោះបីក្នុងកាលៈទេសៈណាក៏ដោយ មកដល់ពេលនេះ ថ្វីត្បិតតែបានធូរស្រាលបន្តិចមែន តែសូមកុំធ្វេសប្រហែសឲ្យសោះ និងសូមកុំភ្លេចការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល បីកុំនិងបីការពារឲ្យបាន ខ្ជាប់ខ្ជួនជានិច្ច។
ជាចុងក្រោយឯកឧត្តម វុន ផារី ក៏បានផ្ដាំផ្ញើរទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋានសូមអញ្ជើញទៅពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតសម្រាប់បងប្អូនដែលមិនទាន់មានឈ្មោះក្នុងបញ្ជី ព្រោះបញ្ជីឈ្មោះនេះមានសារៈសំខាន់ណាស់សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ផ្លូវដែលកំពុងតែសាងសង់នៅក្នុងមូលដ្ឋាន ឃុំពាមប្រធ្នោះនេះមានចំនួនពីរខ្សែ ៖
ខ្សែទី ១. ចាប់ផ្ដើមពង្រីកពីភូមិដើមរាំងប្រសូត្រ មកដល់សាលាឃុំមានប្រវែង ១៣៧ម៉ែត្រ ពង្រីក ២ ម៉ែត្រ មានទំហំ ២៧៤ ម៉ែត្រការ៉េ ស្មើនិង ៤១១០ដុល្លារ។
ខ្សែទី ២. សាងសង់ផ្លូវបេតុង ក្នុងផ្សារជីហែ មានប្រវែង ៧០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានទំហំ ៤២០ ម៉ែត្រការ៉េ ស្មើនិង ៦៣០០ដុល្លារ។
ដោយ ៖ សេង បូលីន