
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានរៀបចំបើកវគ្គបំប៉នលើមុខជំនាញបញ្ជាការ សេនាធិការ វរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក និងអន្តរាគមន៍ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
បើតាមលោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានបញ្ជាក់ថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្មវិធីការងារប្រចាំឆ្នាំ២០២២ របស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានដំណើរការបើកវគ្គបណ្តុះបណ្តាលជំនាញ ចំនួន ២វគ្គ ក្នុងឆ្នាំ២០២២ នេះរួចមកហើយ រួមមាន ៖ វគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងផែនទី និងវគ្គបណ្តុះបណ្តាលនីតិសម្បទាមន្ត្រីនគរបាលយុត្តិធម៌ ប្រកបដោយជោគជ័យ ។
លោកឧត្តមសេនីយ៍ឯក វូ ហាក់ បន្តទៀតថា ថ្ងៃនេះនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានបើកវគ្គថ្មីមួយទៀតគឺ វគ្គបំប៉នបញ្ជាការដឹកនាំ និងសេនាធិការ ដើម្បីលើកកម្ពស់សមត្ថភាពរបស់មេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការរបស់វរសេនាតូច ទាំង ៣៦វរៈ ជាសិក្ខាកាមដែលមិនធ្លាប់ត្រូវបានបំពាក់បំប៉នជូនបញ្ជាការ សេនាធិការ មុខជំនាញបញ្ជាការដឹកនាំអង្គភាពនៅឡើយ៕