
ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្រេចចេញដីកាឃុំខ្លួនចោរឆក់ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ «លួចមានស្ថានទម្ងន់ទោស» តាមមាត្រា៣៥៣, ៣៦០ នៃក្រមព្រហ្មទណ្ឌ។ ដែលប្រព្រឹត្តនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩និង១០នាទី ស្ថិតនៅចំណុចភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យដែលត្រូវចោទខាងលើ មានឈ្មោះ លី សុខវីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ២នាក់ រួមមាន ៖ ទី១- ឈ្មោះ សុខ សារ៉ុន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិពោធិ៍បួន ឃុំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២- ឈ្មោះ សិន ខាវ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះ ដើម្បីយកខោអាវទៅឱ្យអតិថិជនដែលកុម្ម៉ង់ទិញ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ជិះម៉ូតូចំនួន៤គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះ។ ក្រោយពីឆក់កាបូបបានហើយ ជនសង្ស័យក៏បាននាំគ្នាជិះរត់គេចខ្លួន ក្រោយមកជនរងគ្រោះក៏បានស្រែកឆោឡោ រួចរាយការណ៍ឲ្យសមត្ថកិច្ចតែម្តង។ បន្ទាប់ពីទទួលបានព័ត៌មាននេះហើយ កម្លាំងប៉ុស្តិ៍ និងប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏ឃាត់ជនសង្ស័យបានម្នាក់ ចំណែកជនសង្ស័យ០៣នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។ បន្ទាប់មកកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នាំខ្លួនជនសង្ស័យកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ។
ជនសង្ស័យ បានឆ្លើយថា ខ្លួន និងបក្សពួក០៣នាក់ទៀត ជិះម៉ូតូចំនួន០៤គ្រឿង ចេញពីក្រុងភ្នំពេញ ដើម្បីធ្វើសកម្មភាពឆក់កាបូប លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះទាំង០២នាក់ពិតប្រាកដមែន។
គួរបញ្ជាក់ថា ជនសង្ស័យខាងលើធ្លាប់ប្រើប្រាស់គ្រឿងញៀ.នរយៈពេលប្រហែលជាង១ឆ្នាំមកហើយ។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងតែកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕