
ភ្នំពេញ ៖ បុរសម្នាក់បាន ស្លា.ប់ និងមនុស្ស០២នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងទតឺន័រនិងម៉ូតូ០២គ្រឿង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង កាលពីវេលាម៉ោង ១១ៈ២០នាទីយប់ ថ្ងៃទី ២១ខែ វិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ភឿន ង៉ែត ភេទ ប្រុសអាយុ 41 ឆ្នាំ មានមុខរបរជាជាងដែក មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅឯ ភូមិក្រោល ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 1U0313 និងបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងទៀត ម៉ាក់ស្មាស់រេវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AW-0065 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 4 ក្នុងទិសដៅពីលិចទៅកើត។ លុះមក ដល់កែងផ្លូវវិមានឈ្នះៗ ក៏មានបុរសម្នាក់ បើករថយន្តកុងតឺន័រសណ្ដោងរ៉ឺម៉កមួយគ្រឿង ដោយកន្ទុយពាក់ស្លាក លេខភ្នំពេញ 4A-4622 ចំណែកឯក្បាលពាក់ស្លាកលេខព្រះសីហនុ 3A-5201 ធ្វើដំណើរស្របទិសគ្នាពីក្រោយ មកកិនម៉ូតូទាំងពីរគ្រឿង បណ្ដាលឲ្យគាបជាប់ក្រោមរថយន្តអូសជាង 10 ម៉ែត្រ។ ចំណែកបុរសដែលបើកបរម៉ូតូស្មាសរវ៉ូបានលោតចេញពីម៉ូតូផុត រងរបួសស្រាល។ ឯបុរសពីរនាក់ឪពុកកូនដែលបើកម៉ូតូហុងដាប៊ីត ត្រូវរថយន្ត កិនឪពុកបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ។ចំណែកឯកូនវារចេញរួចពីក្រោមរថយន្តរងរបួសស្រាល។
ចំណែកឯអ្នកបើកបររថយន្តធុនធំ បន្ទាប់ពីបើករថយន្តកិនម៉ូតូ២គ្រឿងរួចឃើញស្ថានភាពមិនស្រួលក៏បើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ប្រភពពីកូនជនរងគ្រោះបានប្រាប់ឲ្យដឹងថា ខ្លួនបានជិះម៉ូតូជាមួយឪពុកធ្វើដំណើរទៅម្ដុំច្បារអំពៅ ក្នុងបំណងទៅប្រឡងចម្រៀង តែជាអកុសលមកដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្តធុនធំកិនឪពុកស្លាប់។
បន្ទាប់ពីកើតហេតុ គេឃើញមានសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែង ហើយស្ទូចយករថយន្តនិងម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។ រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕