នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង រួមនឹងឯកឧត្តម អ៊ុ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ ស.ស.យ.ក. ខេត្តព្រៃវែង នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្ទាល់ខ្លួន ក្នុងកិច្ចការងារសង្គម ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ក្រុង ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននិងកំពុងប្រឈមនឹងជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ឆ្នាំមកនេះ ។
ឯកឧត្តម ស សុខា ស្នើដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែងទាំងអស់ សូមបន្តជួយឧបត្ថម្ភគាំទ្រ និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីឲ្យប្រទេសជាតិយើង ឆាប់បានឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ និងសូមបន្តចូលរួមផ្សព្វផ្សាយសារអប់រំនានា របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងថ្មីផ្សេងទៀត បើទោះបីកម្ពុជាយើងបានចាក់វ៉ាក់សាំងហើយក៏ដោយ ។
ឯកឧត្តម ស សុខា ក៏បានអំពាវនាវឲ្យរួមគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ពីជំងឺកូវីដ-១៩ ។