
ភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាព ជិះម៉ូតូដេញធាក់បុរស០២ នាក់ទៀត ជិះម៉ូតូម្នាក់មួយគ្រឿង ធ្វើឲ្យភិតភ័យ កម្មពៀរចង្រៃ ជិះលឿនជ្រុលទៅបុករថយន្តFord ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសបាក់ជើងខ្លួនឯង០៣កំណាត់ ជនរងគ្រោះ០២នាក់រត់គេចទៅបាត់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ៩ៈ៣៥ នាទីយប់ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ ១៩៨៦ មុខក្លឹបDOT ស្ថិតនៅក្នុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបង្កជាបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JT-9610 ជិះតាមផ្លូវ១៩៨៦ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានធ្វើសកម្មភាព ធាក់ទៅលើ បុរសម្នាក់ទៀតដែលកំពុងជិះម៉ូតូ ម្នាក់មួយគ្រឿងទន្ទឹមគ្នាជាមួយមិត្តភ័ក្រម្នាក់ទៀត ទាំងមិនដឹងរឿង ធ្វើឲ្យអ្នកទាំងពីរភិតភ័យ បើកម៉ូតូរត់។ពេលនោះជនបង្ក មិនទាន់អស់ចិត្ត ដេញតាមធាក់បន្តទៀត ជិះម៉ូតូក្នុងស្ថានភាពលឿនជ្រុលទៅបុកចំពីមុខរថយន្មួយគ្រឿងទៀត ម៉ាកFord ពណ៌ស ពាក់ស្លាកលេខ កម្ពុជាCHANY-18 ដែលបើកច្រាសទិស បណ្តាលឲ្យរងរបួសបាក់ជើងខ្លួនឯង០៣កំណាត់ ធ្វើឲ្យពលរដ្ឋលួចសើចគ្រប់គ្នា ។
ក្រោយកើតហេតុ ជនបង្ក ក្នុងស្ថានភាពរបួសបាក់ជើងត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូនិងរថយន្ត សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕