
ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវនិងបន្តដល់ការចាប់ខ្លួន កាលពីវេលាម៉ោង៩ៈ០០ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ខាងលើនេះ ៖
ទី១មាន ឈ្មោះ ប្រាក់ សុខសេរី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរដើរលួច មិនរាងចាល មានទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ
ទី២មាន ឈ្មោះ ហាន សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ដើរលួច មិនរាងចាល មានទីលំនៅ ភូមិ៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ក្រោយពីផ្ទុះកក្រើកបទល្មើស លួច ឆក់ ប្លន់ កើតមានរាល់ថ្ងៃ ក្នុងសប្តាហ៍ទី២និងទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនរងគ្រោះ យំស្រែក ទៅប្តឹងសមត្ថកិច្ច រាល់ថ្ងៃ ចំណែកការបង្ក្រាប កម្លាំងខណ្ឌពោធិ៍សែនជ័យហាក់បីដូចនៅមានក្រិតទាបនៅឡើយ ទើបនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីឆក់ ប្លន់ ចំនួន០៣ករណីផ្ទួនៗ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការស្រាវជ្រាវ និងបន្តឈានដល់ចាប់ខ្លួនជនសង្ស័យបាន២នាក់ ជាក្រុមឆក់ លើស្ត្រីជាគ្រូពេទ្យម្នាក់ ឈ្មោះ ជ្រុន ស្រីង៉ា អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ នៅលើស្ពានអាកាសចោមចៅ កាលពីវេលាម៉ោង ៧ៈ០០ ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅ ប៉ុស្តិ៍ចោមចៅទី១ ចោមចៅទី៣ ជាបឋម រួចនាំទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ថតរូបភាព ទុកជាឯកសាររួច ទើបនាំខ្លួនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការក្រុង ដើម្បីសាកសួរនិងកសាងសំណុំរឿង បន្តស្រាវជ្រាវស្វែងរកបក្ខពួកបន្ថែមទៀត ៕