បុរសបែកថ្នាំម្នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពចាក់សាំងដុតផ្ទះខ្លួនឯងរួចមក។
ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនេះ បានធ្វើឡើងនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៤ ល្ងាច នៅចំណុចក្រុម០៤ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។
ករណីដុតផ្ទះខ្លួនឯង (បទធ្វើអោយខូចខាតដោយចេតនា) នេះ គឺបានបង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ាន ភ្លី ហៅ ពៅ ភេទប្រុស អាយុ៣៩ ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ បានយកប្រេងសាំងចំនួន ០៥លីត្រ ចាក់ដុតផ្ទះរបស់ខ្លួន ដែលមានទំហំ០៥ម៉ែត្រ គុណ០៦ម៉ែត្រ ថ្មក្រោមឈើលើដំបូលប្រក់ស័ង្កសីជញ្ជាំងស័ង្កសីបណ្ដាលអោយឆេះខូចខាតសម្ភារៈក្នុងផ្ទះគ្មានសល់។
ក្រោយការឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនមានការទាស់សម្តីគ្នាជាមួយប្រពន្ធ ដោយទ្រាំមិនបានក៏បានទៅទិញសាំងយកមកចាក់ក្នុងបន្ទប់រួចដុតតែម្តង ម៉្យាងដោយសារខ្លួនជាអ្នកប្រើប្រាស់ថ្នាំញៀនផង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដោយបញ្ជូនខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីអោយការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕