
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៧នាវេលាម៉ោង៣ៈ០០ទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានក្រុមជនសង្ស័យពីរនាក់ដែរប្រដាប់ដោយកាំភ្លើងខ្យល់ បានធ្វើសកម្មភាពប្លន់យុវតីម្នាក់តែមិនបានសម្រេច ហើយបានបង្កជាការភ្ញាក់ផ្អើលពេញកន្លែងច្រកចេញចូលផ្ញើរម៉ូតូ សួនអ៊ីដេនហ្គាដេន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនាងជិះម៉ូតូម៉ាកស្កូពី ពណ៌ប្រផេះ ( មិនទាន់មានស្លាកលេខ ) ធ្វើដំណើរពីពោធិ៍ចិនតុងទៅកាន់សួនអ៊ីដេនហ្គាដេន ដើម្បីទទួលមិត្តភ័ក្តិចេញពីធ្វើការ លុះពេលមកដល់ត្រងកន្លែងកើតហេតុ ស្រាប់តែត្រូវក្រុមជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងមកក្បែររួចធ្វើសកម្មភាពប្លន់យកម៉ូតូ ដោយប្រទាញប្រទូងគ្នាទៅវិញទៅមក ហើយនាងបានប្រលែងម៉ូតូ រួចស្រែកថាចោរៗ ក៏ស្រាប់តែមានប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាររត់មកជួយ។
ក្រុមជនសង្ស័យឃើញស្ថានភាពមិនស្រួលក៏បានព្យាយាមបញ្ឆេះម៉ូតូរត់ តែសំណាងល្អម៉ូតូរបស់យុវតីរងគ្រោះប្រើសោរវៃឆ្លាត (SMART KEY) មិនអាចបញ្ឆេះបាន ទើបសម្លុតយកទូរស័ព្ទ តែយុវតីរងគ្រោះនៅតែប្រកែក ហើយជនសង្ស័យទាំង២បានឡើងម៉ូតូរបស់ខ្លួនជិះរត់គេចខ្លួន ។
ខណៈជនសង្ស័យបានព្យាយាមរត់គេចខ្លួន ក៏មានយុវជនមួយក្រុម ដែលជាក្រុមអ្នកដឹកជញ្ជូនអាហារ ដេញតាមពីក្រោយតែម្តង ។
ប្រភពពីក្រុមអ្នកដឹកជញ្ចូនបានអោយដឹងថា គ្នារបស់គាត់ម្នាក់ក្នុងចំណោមអ្នកដឹកជញ្ជូនផ្សេងទៀត ត្រូវបានរងរបួសក្បាលជង្គង់ ព្រោះតែព្យាយាមដេញតាមជនសង្ស័យ និងត្រូវជនសង្ស័យបាញ់ត្រូវ២គ្រាប់ តែសំណាងដែលគ្រាប់កាំភ្លើង ជាប្រភេទកាំភ្លើងខ្យល់ មិនប៉ះពាល់ធ្ងន់ខ្លាំង ហើយក៏បាននាំគ្នាបញ្ជូនជនរងគ្រោះទៅពេទ្យ ដោយឈប់បន្តការដេញតាមតទៅទៀត។
បន្ទាប់ពីកើតហេតុ យុវតីរងគ្រោះរូបនោះបានទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចតាមស្វែងរកជនសង្ស័យមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕