
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ៦៦៦ ថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ មួយកន្លែង នៅភូមិឡរកំបោរ ភ្លាមៗនោះ លោកក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យនៅគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ចេញជួយអន្តរាគមន៍សង្គ្រោះផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ដោយសារតែទីតាំងឆាបឆេះពិបាកក្នុងការអន្តរាគមន៍ ដោយសារតែស្ថានភាពផ្លូវនៅចំណុចខាងលើនោះ មានការតូចចង្អៀតពិបាកឲ្យរថយន្តពន្លត់អគ្គិភ័យចូលទៅអន្តរាគមន៍ដល់គោលដៅផងដែរ។ ជាក់ស្ដែង កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ត្រូវធ្វើការអូសទាញទុយោទឹកចូលទៅកាន់ទីតាំងដែលកំពុងតែឆាប់ឆេះនោះ ដើម្បីធ្វើការបាញ់ពន្លត់ទប់ស្កាត់មិនឲ្យមានអណ្ដាតភ្លើងឆាបឆេះរាលដាលដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនិងទីតាំងកើតហេតុ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្ថែមថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ ១៩ឡាន ស្មើរនឹង ៧៦ម៉ែត្រគូប, រថយន្តជំនួយមកពី រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យផ្សារទំនើប អូឡាំងព្យា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប ទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃខែឆ្នាំដដែរ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ធ្វើឲ្យខូចខាតផ្ទះអស់ចំនួន ០៦ខ្នងទាំងស្រុង ដែលសង់អំពី ថ្មក្រោមឈើលើ ទំហំ ០៦ម៉ែត្រ x ០៣ម៉ែត្រ, ១២ម៉ែត្រ x ០៦ម៉ែត្រ, ០៦ម៉ែត្រ x ០៥ម៉ែត្រ, ០៩ម៉ែត្រ x ០៨ម៉ែត្រ, ០៥ម៉ែត្រ x ០៦ម៉ែត្រ, ០៤ម៉ែត្រ x ០៥ម៉ែត្រ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។
ជាចុងក្រោយលោករសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ចរន្តអគ្គិសនីដូចជាការចាកចេញពីលំនៅដ្ឋាន ត្រូវតែបិទប្រឡែតភ្លើងឲ្យបានត្រឹមត្រូវ មើលភ្លើងធូក ភ្លើងទៀន។ល។ មុននឹងធ្វើការចាកចេញពីលំនៅដ្ឋាន៕