
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានក្រើនរំលឹក ដល់មន្ត្រីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងគ្រោះហានិភ័យ សូមកុំពាក់ព័ន្ធប្រព្រឹត្តខុសពីច្បាប់ ឬកេងប្រវ័ញ្ច ពីគ្រួសារដែលទទួលបានសាច់ប្រាក់ ពីរាជរដ្ឋាភិបាល ដើម្បី ដោះស្រាយជីវភាពប្រចាំ ។ ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលឯកឧត្ដម និង ឯកឧត្តម ឈួន សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ ម.ជ.ជ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា» ដោយមានការអញ្ជើញចូលរួម ពីលោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុងស្រុកទាំង ១០ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ និងជំនួយការឃុំ ជាច្រើននាក់ ផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា ជាមួយនោះ អាជ្ញាធរតាមមូលដ្ឋានគ្រប់ថ្នាក់ ក៏ត្រូវយកចិត្តទុកដាក់ប្រជុំជាប្រចាំ ដល់មន្ត្រីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ជូនគ្រួសារងាយរងគ្រោះហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ផងដែរ ដើម្បី ឲ្យការអនុវត្តការងារនេះ ប្រកបដោយតម្លាភាព សុក្រឹត យុត្តិធម៌ និងត្រឹមត្រូវ ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ឈួន សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ ម.ជ.ជ តំណាង ដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម វង់ សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានជម្រុញដល់លោក-លោកស្រីមេឃុំ ចៅសង្កាត់ ទាំងអស់ នៃខេត្តកំពង់ចាម ត្រូវកាន់លេខកូដខ្លួនឯង ហើយតាមនីតិវិធីនេះ គឺមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សា ជាអ្នកអនុញ្ញាត្តចុងក្រោយ ឲ្យមានតម្លាភាព មិនផ្ទុយពីគោលការណ៍រាជរដ្ឋាភិបាល និងមានការទទួលខុសត្រូវខ្ពស់ ទៀតផង ។ ជាមួយនោះ ឯកឧត្ដម ឈួន សុបញ្ញា ក៏បានស្នើឲ្យមន្ត្រីអនុវត្ត នៅតាមមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងបង្កើន ក្រមសីលធម៌ សុជីវធម៌ ឲ្យបានល្អ ជូនគ្រួសារដែលទទួលផលពីកម្មវិធីខាងលនេះ ៕