អាជ្ញាធរមូលដ្ឋានបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ Kemerovo កាលពីថ្ងៃព្រហស្បតិ៍ ហើយមានកម្មករ ២៨៥ នាក់នៅក្នុងអណ្តូងរ៉ែនៅពេលនោះ ខណៈជាង ២០០ នាក់បានរត់គេចចេញមក ។
ចំណែករបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បុគ្គលិកជួយសង្គ្រោះ ៦ នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ ខណៈមនុស្សប្រហែល ៤០ នាក់បានជាប់នៅក្នុងអណ្តូងរ៉ែ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបាននិយាយថា គ្មានឱកាសក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតនោះទេ។
អ្នកស៊ើបអង្កេតជឿថា វាទំនងជាមានការផ្ទុះឧស្ម័នមេតាន ហើយរហូតមកដល់ពេលនេះ មនុស្សរាប់សិបនាក់ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
ទន្ទឹមនោះ គណៈកម្មាធិការស៊ើបអង្កេតក៏បានបើកសំណុំរឿងព្រហ្មទណ្ឌផងដែរ ដោយចោទប្រកាន់អណ្ដូងរ៉ែនេះពីបទបំពានបទប្បញ្ញត្តិសុវត្ថិភាព ខណៈរហូតមកដល់ពេលនេះគេមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ។
ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានបញ្ជាឲ្យរដ្ឋាភិបាលផ្តល់ជំនួយចាំបាច់ទាំងអស់ដល់អ្នកដែលរងរបួសផងដែរ ។
គួរបញ្ជាក់ថា តំបន់ Kemerovo ស្ថិតនៅចម្ងាយប្រហែល ៣,៥០០ គីឡូម៉ែត្រភាគខាងកើតទីក្រុងម៉ូស្គូ ត្រូវបានគេស្គាល់ថាជាតំបន់ផលិតធ្យូងថ្ម ហើយទីតាំងមួយនេះក៏ធ្លាប់កើតមានឧបទ្ទវហេតុបែបនេះនាពេលកន្លងមកផងដែរ ៕