
ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូរ បានវិលមកពីស្រុកកំណើតខាងប្ដី ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ បាក់ជើងឆ្វេង ចំណែកប្តីរងរបួសស្រាល មិនទាន់ដល់ផ្ទះជួលផង វ៉ាក់អើរនឹងម៉ូតូជិះបញ្ច្រាសទិស ហ្វ្រាំងគេច ដួលប៉ះនឹងរថយន្តមួយគ្រឿងកំពុងបើកស្របទិស បណ្តាលឲ្យរងរបួសទាំង២នាក់ប្តីប្រពន្ធ ចំណែកឯរថយន្បានតបើកគេចខ្លួនទៅបាត់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ៦ៈ៣០ នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុច ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង០២នាក់ខាងលើនេះរួមមាន ៖ ឈ្មោះ ភិន ស្រីលីស ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ រងរបួសបាក់ជើងឆ្វេង មានស្រុកកំណើតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកប្តីរងរបួសស្រាល ឈ្មោះ អុន ឈុនលី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិគុស ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ទាំង០២នាក់ប្តីប្រពន្ធ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៌៍សែនជ័យ ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Y-3758 ជាមធ្យោបាយ ។
ប្រភពពីបុរសរងគ្រោះ បានឲ្យដឹងថា ខណៈដែលជិះម៉ូតូឌុបប្រពន្ធ វិលត្រឡប់មកពីស្រុករបស់ខ្លួននៅឯស្រុកត្រាំកក់ ខេត្តតាកែវ ឆ្ពោះត្រឡប់ទៅផ្ទះជួលវិញ ធ្វើដំណើរតាមបណ្តាលផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង ដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយ ម៉ូតូមួយគ្រឿងជិះលើផ្លូវបញ្ច្រាសទិស ហ្វ្រាំងគេច ដួលប៉ះនឹងរថយន្តមួយគ្រឿងកំពុងបើកស្របទិស បណ្តាលឲ្យរងរបួសទាំង០២នាក់ ហើយរថយន្តនោះមិនឈប់ បានបន្តបើកទៅបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ផ្ញើរទុកនៅផ្ទះពលរដ្ឋ នៅកន្លែងកើតហេតុ ៕