
ព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានស្លា.ប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីថយន្ត Ford បើកវ៉ាជែង មកបុកម៉ូតូពីមុខយ៉ាងពេញទំហឹងក្នុងទិសដៅផ្ទុយគ្នា ។
ហេតុការណ៍ការគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង កាលពីម៉ោងជាង ៩យប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៣ -២១៤ ស្ថិតនៅក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿងម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-8595 បើកបរទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ អ្នកបើកបរនៅមិនទាន់ស្គាល់អត្តសញ្ញាណ មកដល់ចំណុចខាងលើរថយន្ដនេះឡើងវ៉ាជែង រួចក៏ជ្រុលបុកចំពីមុខម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1D-1822 មានទិសដៅផ្ទុយគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ស្លា.ប់នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី និងបន្តស្វែងរកម្ចាស់ររថយន្តដែលរត់គេចខ្លួនមកដោះស្រាយតាមច្បាប់៕