ភ្នំពេញ: នារីម្នាក់បានបន្សល់ទុកសម្ភារៈមួយចំនួននៅលើស្ពានជ្រោយចង្វាសង្ស័យថា នាងលោតទឹកសម្លាប់ខ្លួន ខណៈមុនកើតហេតុ នារីរងគ្រោះបានឆាតប្រាប់មិត្តភ័ក្ដិថា ខ្លួនទៅលោតទឹកសម្លាប់ខ្លួនហើយ។ហេតុការណ៍នោះ បានបង្កការភ្ញាក់ផ្អើលកាលពីពេលរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាចាស់ រាជធានីភ្នំពេញ។
បើតាមនារីពីរនាក់ដែលជាមិត្តភ័ក្ដិជិតស្និទ្ធរស់នៅជាមួយគ្នាបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ម៉ាក់យ៉ាប៊ី អាយុជាង២០ឆ្នាំ សព្វថ្ងៃស្នាក់នៅផ្ទះជួលម្តុំខាងក្រោយភោជនីដ្ឋានតាសេត ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។
នារីដែលជាមិត្តភ័ក្ដិរបស់ជនរងគ្រោះបានបន្តទៀតថា រាល់ថ្ងៃនេះជនរងគ្រោះពិបាកចិត្តជាមួយនឹងក្រុមគ្រួសារផង និងជាពិសេសទៀតខូចចិត្តជាមួយនឹងសង្សាររបស់គេ មិនសូវត្រូវគ្នានិងរកាំរកូសមិនត្រូវគ្នាដោយសារតែនារីរងគ្រោះសុំបែកប៉ុន្តែខាងប្រុសមិននិយាយស្ដីទើបនៅថ្ងៃកើតហេតុនេះនារីរងគ្រោះបានប្រាប់ពួកនាងថា គេចង់នៅម្នាក់ឯង មិនចង់ឱ្យអ្នកណារំខាននោះទេ ហើយនាងក៏បានជិះម៉ូតូកង់បីចេញបាត់ ហើយបានឆាតប្រាប់ពួកគេថា នាងមកលោតទឹកលើស្ពានជ្រោយចង្វា។
ពេលដែលបានទទួលដំណឹងដូច្នេះពួកនាងជាមិត្តភ័ក្ដិក៏ប្រញាប់ជិះម៉ូតូមកតាមមើលក៏ស្រាប់តែគេប្រាប់ថាមាននារីម្នាក់បានបន្សល់ទុកនូវកាបូបស្បែកជើងនិងសម្ភារៈផាត់មុខមួយចំនួននៅលើស្ពានជ្រោយចង្វា ពួកនាងទាំងពីរនាក់មកដល់កន្លែងកើតហេតុក៏ឃើញរបស់របរដែលជារបស់មិត្តភ័ក្ដិខ្លួនមែនបានបន្សល់ទុកនៅទីនោះ។ប៉ុន្តែពួកនាងទាំងពីរនាក់មិនជឿថានារីរងគ្រោះលោតទឹកសម្លាប់ខ្លួននោះទេ ព្រោះអីនាងបានឆាតមកខ្លួនមិនបានប៉ុន្មាននាទីផងខ្លួនមកដល់ ហើយម្យ៉ាងវិញទៀតឃើញប្រព័ន្ធអ៊ីនធឺណិតកំពុងតែបើកឡើងមិនទាន់បិទនោះទេ ប៉ុន្តែទូរសព្ទនាងតេមិនចូលសោះក្រែងនាងទុករបស់របរទាំងនេះហើយចេញពីកន្លែងកើតហេតុបាត់ទៅ។
បើកទោះបីនារីពីរនាក់ដែលជាមិត្តភ័ក្ដិរបស់ជនរងគ្រោះមិនជឿថាជនរងគ្រោះលោតទឹកសម្លាប់ខ្លួនក្ដី ប៉ុន្តែក៏មានអ្នករត់ម៉ូតូកង់បីរួមទាំងអ្នកដំណើរខ្លះទៀតបានប្រាប់ពួកនាងថា ជនរងគ្រោះបានលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ។
បន្តពីហេតុការណ៍នោះកើតឡើង នារីដែលជាមិត្តភ័ក្ដិរបស់ជនរងគ្រោះបានយករបស់របររបស់ជនរងគ្រោះយកទៅរក្សាទុកនៅផ្ទះជួលវិញដោយពួកនាងមិនជឿថា ជនរងគ្រោះលោតទឹកសម្លាប់ខ្លួននោះទេ។ តែទោះយ៉ាងណាគេសន្និដ្ឋានថា នារីរងគ្រោះរូបនោះប្រហែលជាលោតទឹកលិចបាត់ទៅហើយ ព្រោះគេឃើញដានជើងប្រឡាក់លើបង្កាន់ដៃស្ពានកន្លែងកើតហេតុអាចបញ្ជាក់ថា នាងបានលោតទឹកទៅហើយ៕