
ពោធិ៍សាត់ ៖ ស្ត្រីជាវេជ្ជបណ្ឌិតម្នាក់បានស្លា.ប់ និងមនុស្សក្មេងចាស់ ប្រុសស្រីចំនួន៩នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តហាយឡែនឌ័របើកលឿនបុកពីក្រោយម៉ូតូយ៉ាងពេញទំហឹង ខណៈកំពុង ជិះឌុបគ្នាចំនួន ០៣នាក់ប្តីប្រពន្ធនិងកូន ប៉ើងជ្រុលបុករបាដែកស្ពាន ហើយធ្លាក់ចុះទៅក្រោម ខ្ទេចទាំងរថយន្ត ទាំងម៉ូតូ ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ២ៈ០០ រសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥៥ ត្រង់ចំណុចស្ពានអូរតាក់សុី ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតនៅក្នុងភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភាគីខាងម៉ូតូជិះឌុកគ្នាចំនួន ០៣នាក់ប្តីប្រពន្ធនិងកូន ទី១ ឈ្មោះ ចិន បី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ , ទី២ ឈ្មោះ ម៉ៅ ជា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ កសិករ ជាប្រពន្ធ , ទី៣ ឈ្មោះ វុទ្ធី បញ្ចាថាវរី ភេទស្រី អាយុ៣ឆ្នាំ ។ ទាំង៣នាក់ រងរបួសធ្ងន់ រស់នៅភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។ ចំណែកខាងរថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-4776 ជិះគ្នាចំនួន០៧នាក់ បើកបរដោយឈ្មោះ ចាប សំណាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់ ។អ្នករួមដំណើរជាមួយ ឃួន សុខមានិត ភេទស្រី អាយុ២៨ឆ្នាំ របួសស្រាល និងកូនស្រីអាយុ៧ខែ របួសស្រាល , ឈ្មោះ ឃួន សុយុំ ភេទប្រុស អាយុ៦៦ឆ្នាំ រងរបួសស្រាល , ឈ្មោះ ឃួន នីរ័ត្ន ភេទប្រុស អាយុ១២ឆ្នាំ របួសស្រាល , ឈ្មោះ ចាប់ សុវត្តី ភេទស្រី អាយុ៤៥ឆ្នាំ , ឈ្មោះ យៀន លឹមឆេង ភេទស្រី អាយុ៥២ឆ្នាំ មុខរបរ គ្រូពេទ្យ បានស្លាប់នៅពេលបញ្ជូនទៅមន្ទីពេទ្យ ។
ប្រភពដដែលបានបន្តទៀតថា មុនកើតហេតុ គេឃើញរថយន្តបើកបរលក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ជ្រុល បុកពីក្រោយម៉ូតូ ប៉ើងទៅបុករបាដែក ស្ពាន ហើយបាក់ធ្លាក់ចុះទៅក្រោម ស្លា.ប់ម្នាក់ របួសធ្ងន់ស្រាល០៨នាក់ ។
បើតាមសាច់ញាតិ ភាគីខាងរថយន្ត បានឲ្យដឹងថា រថយន្តខាងលើ ជិះគ្០នា៧នាក់ ក្នុងនោះមានកូនស្រីតូចអាយុទើប៧ខែម្នាក់ ក្នុងដំណើរដើរលេង ស្រុកវាលវែង ភ្នំ១៥០០ ជួបគ្រោះថ្នាក់ចរាចរបែបនេះ បណ្តាលឲ្យអ្នកគ្រូពេទ្យ ទទួលមរណៈភាព ។
ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចស្ទូចលើកឡើង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕