
ភ្នំពេញ ៖ ករណីឃាតកម្មដ៏ព្រឺព្រួចមួយបបានកើតឡើង កាលពី ល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារការរស់នៅមិនចុះសម្រុង និងគ្នា គ្មានសុភមង្គលព្រោះតែបុរសជាប្ដីគិតតែពីដើរលេងផឹកស៊ី រួចវាយប្រពន្ធស្ទើររាល់ថ្ងៃទើបឈានដល់ការរស់នៅបែកគ្នាអស់រយៈពេល៧ខែមកហើយ។
ករណីនេះប្រពន្ធបានសុំលែងលះគ្នានៅត្រឹមភូមិ និងឃុំថែមទៀតផង ប៉ុន្តែប្ដីមិនព្រមផ្ដិតមេដៃលែងលះឡើយ ។ លុះដល់ពេលចុងក្រោយប្ដីកំណាចបានចាប់ក្រៀកប្រពន្ធ រួចចាក់ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ ភ្លាមៗនៅនឹងកន្លែង បន្ទាប់មកជននេះក៏បានចាក់សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់ឡើយ គ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ។
ស្ត្រីជាប្រពន្ធឈ្មោះ ផេង សុភាង អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ចំណែកបុរសជាប្ដីដែលមិនបានផ្ដល់សុភមង្គលឲ្យប្រពន្ធ ហើយថែមទាំងចាក់សម្លា.ប់ប្រពន្ធថែមទៀតនោះ ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។
គួរបញ្ជាក់ផងដែរថាកន្លងមក បុរសជាប្ដីតែងតែដើរផឹកស៊ីស្រវឹងហើយវាយធ្វើបាបប្រពន្ធស្ទើររាល់ថ្ងៃ ជាហេតុធ្វើឲ្យការរស់នៅជាមួយគ្នាមិនចុះសម្រុងឡើយ ហើយឈានដល់ការរស់នៅបែកគ្នារយៈពេល៧ខែមកហើយ។
ប្រភពដដែលបានបន្តទៀតថានៅល្ងាចថ្ងៃកើតហេតុ បន្ទាប់ពីប្រពន្ធចេញពីធ្វើការដល់ផ្ទះជួលដូចរាល់ដង ប្ដីកំណាចរូបនេះបានទៅរករឿងទៀតជនរងគ្រោះ ខណៈនោះក៏មានការប្រកែកគ្នាទៅមកបង្កជាជម្លោះវាយប្រតប់គ្នាហើយជនកំណាចបានចាប់ក្រៀកប្រពន្ធអូសចេញពីផ្ទះជួលដើរតាមផ្លូវ រួចយកកាំបិតចុងស្រួចចាក់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យដួលប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ បន្ទាប់មកជនសង្ស័យជាប្ដីក៏បានចាក់ខ្លួនឯង ចំពោះ ជាច្រើនកាំបិត តែមិនស្លាប់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាអកុសលប្តីកំណាចរូបនោះមិនអាចសង្គ្រោះបានក៏ស្លាប់ទៅតាមប្រពន្ធដូចក្តីបំណង។
ក្រោយពេលកើតហេតុកម្លាំងនគរបាលផ្នែកចក្ខុកោសល្យវិច្ច័យបានចុះទៅ នឹងធ្វើកំណត់ហេតុរួចប្រគល់សពជនរងគ្រោះទៅឱ្យអាជ្ញាធរមូលដ្ឋានដឹកយកទៅតម្កល់នៅវត្ត ដើម្បីរង់ចាំក្រុមគ្រួសារសាច់ញាតិមកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។