
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្លាហានណាស់ សូម្បីតែអ្នកស្នាក់នៅបន្ទប់ជួលក្បែរខាងគ្នាក៏មិនយោគយល់ដែរ បានធ្វើសកម្មភាពយកខ្សែរចងជាប់ទ្វារបន្ទប់ រួចអូសម៉ូតូចេញទៅបាត់។ និងបានដោះដូរស្លាកលេខ ជិះដើររកកន្លែងលក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូល ចាប់ឃាត់ខ្លួនបាន នៅវេលាម៉ោង ៥ៈ៣០នាទីល្ងាច ថ្ងៃដដែល ត្រង់ចំណុច មុខវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ចន្ទ ពុធកែវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្បែរខាងគ្នា ក្នុងភូមិកើតហេតុ មានប្រពន្ធ និងកូនប្រុសម្នាក់ មានស្រុកកំណើតភូមិពេជន្ទ្រា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកជនរងគ្រោះ មានឈ្មោះ បុិច សុភ័ស្ត ភេទប្រុស អាយុ២១ឆ្នាំមុខរបរ កម្មកររោងចក្រ មានប្រពន្ធឈ្មោះ ស៊ុម ផាន់ អាយុ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានកូន២នាក់ ប្រុស១ម្នាក់ ស្រី១ម្នាក់ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ម៉ូតូដែលជនសង្ស័យលួចយកនោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-1644 ត្រូវបានសមត្ថកិច្ចដកហូតមកវិញហើយ តែជនសង្ស័យប្តូរស្លាកលេខ ព្រៃវែង1A-8866 ។
តាមសម្តីពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួននិងប្រពន្ធមិនបានទៅធ្វើការងារទេ ខណៈដែលកំពុងដេកលេងក្នុងបន្ទប់ជុំទាំងគ្រួសារ ត្រូវបានជនសង្ស័យធ្វើសកម្មភាពយកខ្សែចងទ្វារពីក្រៅជាប់ ទ្រាំចេញរួច បាត់ម៉ូតូដែលចតដាក់មុខបន្ទប់ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានស្រែកឆោឡោរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ស្រាប់តែដល់វេលាល្ងាចទទួលដំណឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌកំបូលចាប់ខ្លួនបាន រួមទាំងម៉ូតូមួយគ្រឿងផង ។ជនសង្ស័យ បានសារភាពថា ពិតជាលួចម៉ូតូ របស់ជនរងគ្រោះពិតមែន ។
ប្រភពពីសមត្ថកិច្ចខណ្ឌកំបូលបានឲ្យដឹងថា គ្រាដែលជនសង្ស័យជិះម៉ូតូ ច្រើនត្រឡប់ហើយ នៅខាងមុខវត្តស្ងួនពេជ្រ នៅល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សមត្ថកិច្ចសង្ស័យឃាត់ហៅសាកសួរ ស្រាប់តែជនសង្ស័យបានសារភាព ធ្វើសកម្មភាពលួចម៉ូតូនៅក្នុងខណ្ឌពោធិ៍សែនជ័យ សាកសួរដឹងពីចំណុច ទីតាំងធ្វើសកម្មភាព ក៏បានប្រគល់ជនសង្ស័យនិងម៉ូតូរបស់ជនរងគ្រោះ ជូនទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យវិញ ដើម្បីសាកសួរនិងអនុវត្តិបន្តតាមនីតិវិធីច្បាប់ ៕