
ភ្នំពេញ ៖ បុរសម្នាក់បាក់កស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តALPHARD បើកបរដោយបុរសជនជាតិចិន ក្នុងល្បឿនយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ជ្រុលបុកម៉ូតូកង់បីកំពុងបើកឆ្លងផ្លូវបណ្តាលឲ្យប៉ើងក្រឡាប់ ខ្ទាតអ្នកបើកហោះបោកផ្ទប់ដើមឈើនៅចិញ្ចើមផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើង កាលពីវេលាម៉ោង ១០ៈ០០ នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចមុខមណ្ឌលសុខភាពព្រែកឯង ភូមិព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រផពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ូ សុខុន ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ ជាអ្នករត់ម៉ូតូកង់បី មានទីលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាកALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-8289 បើកបរដោយបុរសជនជាតិចិន ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកម៉ូតូកង់បី ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1CW-1046 ដែលបើកដោយជនរងគ្រោះ ឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឲ្យប៉ើងក្រឡាប់ ផ្លោងខ្ទាតជនរងគ្រោះហោះចេញបោកផ្ទប់នឹងដើមឈើនៅចិញ្ចើមផ្លូវ បាក់កស្លាប់ភ្លាមៗនៅកន្លែង រថយន្តនិងម៉ូតូកង់បីទទួលរងការខូចខាតធ្ងន់ ។
ក្រោយពេលកើតហេតុ វត្តមានក្រុមគ្រួសារ ក្នុងក្តីសោកសង្រេងជាទីបំផុត ទាំងមិនអស់ចិត្ត គ្មានប្រពន្ធ-កូន សាច់ញាតិឯណាទាន់ដង្ហើម ។ ហើយក៏មានវត្តមានកម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ជនជាតិចិនជាអ្នកបើកបររថយន្តជាបណ្តោះអាសន្ន។
សពជនរងគ្រោះក្រោយសមត្ថកិច្ចពិនិត្យស្លាកស្នាមរួចរៀបចំឯកសារប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។រីឯមធ្យោបាយទាំង២គ្រឿង រួមជាមួយអ្នកបើកបររថយន្តផង ត្រូវបានប្រគល់ជូនការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ចែងស្ទូចយកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ៕