
បាត់ដំបង ៖ មានហេតុការផ្ញាក់ផ្អើលមួយបានកើតឡើងកាលពីរសៀលថ្ងៃទី ០២ ខែវិច្ឆកា ឆ្នាំ ២០២២ នៅក្នុងវត្តខ្នាចរមាស ដោយព្រះសង្ឃចំនួន៥១អង្គ មានអាការៈថប់ដង្ហើម និងក្តៅព្រះកាយខ្លាំងត្រូវបានបញ្ជូនទៅមន្ទីពេទ្រភ្លាមៗ ក្នុងនោះផងដែរគ្រូពេទ្យបានរកឃើញព្រះសង្ឃចំនួន ៧អង្គមានជំងឺគ្រុនឈាម។
បើតាមការបញ្ជាក់របស់មន្ត្រីសង្ឃដែលគ្រប់គ្រងក្នុងវត្តខ្នាចរមាស បានឲ្យដឹងថា ព្រះសង្ឃគង់នៅក្នុងវត្តដែលភាគច្រើនមានព្រះជន្មចន្លោះពី ១៥ ដល់ ១៨វស្សា ក្រោយមានអាការ:ថប់ដង្ហើម និងក្តៅព្រះកាយខ្លាំង ហើយបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកាលពីព្រឹកមិញមានចំនួន ២១អង្គ។ ប៉ុន្តែ ដោយឋិតក្រោមការយកចិត្តទុកតាមដានរបស់មន្ត្រីសុខាភិបាលស្រុក ក្រុមគ្រូពេទ្យបានចុះទៅពិនិត្យដល់ទីតាំងវត្តខាងលើបន្តទៀត បានរកឃើញព្រះសង្ឃដែលមានអាការ:ដូចៗគ្នាចំនួន ២៩អង្គបន្ថែមទៀត នាំឲ្យទូរលេខសរុបកើនដល់ចំនួន ៥១អង្គ កំពុងឋិតក្រោមការតាមដាន និងព្យាបាលបណ្តើរៗ។
មន្ត្រីមណ្ឌលសុខាភិបាលបានអះអាងថា ចំពោះមុខនេះក្រុមគ្រូពេទ្យកំពុងព្យាបាលដល់ព្រះសង្ឃដែលមានសុខភាពខុសពីប្រក្រតី រួមទាំងព្រះសង្ឃដែលមានផ្ទុកជំងឺគ្រុនឈាមដែលរកឃើញចំនួន ៧អង្គរួចមក និងកំពុងបន្តការតាមដានលើព្រះសង្ឃផ្សេងៗអង្គទៀត។
ប្រភពដដែលបានបន្តថា កត្តាដែលង្កឲ្យកើតមានករណីឆ្លងនូវជំងឺគ្រុនឈាមលើព្រះសង្ឃនេះ ដោយសារកត្តាមួយចំនួនព្រោះជារដូវកាលប្រឈមកើតឡើងនូវជំងឺនានា អាកាសធាតុប្រែប្រួលងាយឆ្លងនូវជំងឺផ្លូវដង្ហើម ផ្តាសាយ ពិសេសជំងឺគ្រុនឈាម ម្យ៉ាងទៀតជារដូវមានទឹកភ្លៀងធ្លាក់ច្រើនទៀត ស្របគ្នានិងនៅតាមមូលដ្ឋានមានព្រៃស្តុកក្រាស់ៗ ទឹកដក់តាមទីទំនាប ក្នុងកំប៉ុង សំបកកង់ម៉ូតូ ឡានដែលជាជម្រកសត្វមូសខ្លាយ៉ាងប្រសើរ ទើបជាឱកាសនាំឲ្យកកើតនូវសត្វមូសខ្លាចេញមកខាំចម្លងគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់បន្តបន្ទាប់៕