
កំពង់ចាម ៖ នាព្រឹកថ្ងៃអង្គារ ៨កើតខែ កក្តិក ឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សា សុីថា អភិបាលរងខេត្តកំពង់ចាម និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាគណៈអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណ:អភិបាលស្រុកកោះសូទិន។
ថ្លែងនៅក្នុងឱកាសនោះដែរឯកឧត្តម សា សុីថាអភិបាលរងខេត្តកំពង់ចាម បានផ្ដាំផ្ញើដល់ លោកអភិបាលរងថ្មីទាំងពីររូប គឺត្រូវខិតខំបន្តប្រឹងប្រែងធ្វើកិច្ចការឱ្យបានកាន់តែល្អប្រសើរ ដែលថ្នាក់ដឹកនាំដាក់ជូន ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងត្រូវខិតខំប្រឹងប្រែងជួយដោះស្រាយ ទុក្ខធូរៈ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម បានបន្តទៀតថា ជាពិសេសត្រូវថែរក្សា សន្តិភាព និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន នៃព្រះរាជណាចក្រកម្ពុជា កសាងឡើងដោយលំបាកនាពេលកន្លងមក យើងត្រូវរួមគ្នាថែរក្សា សន្តិភាពនេះ ឲ្យបានគង់វង្សរហូត។
សូមបញ្ជាក់ផងដែលថា នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មី នៃអភិបាលរង ស្រុកកោះសូទិន មានការអញ្ជើញចូលរួម ពីរលោក ប្រធានក្រុមប្រឹក្សាស្រុក លោក អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាល រងស្រុក លោក លោកស្រីនាយក នាយករងរដ្ឋបាលស្រុក ក្រុមការងារថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានការិយាល័យចំណេះនិងជំនាញជុំវិញស្រុកលោក លោកស្រីមេឃុំ លោក លោកស្រីស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំសរុបចំនួន ១៨៥នាក់ស្រី ៩២ នាក់ ។