
នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលដែលអញ្ជើញទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់)។ ក្នុងនោះ មាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤ នាក់ (នារី ២,៥២៨នាក់) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ (នារី ៥៦០នាក់)។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានប្រឹងប្រែងជម្នះការលំបាកជាមួយនឹងជំងឺកូវីដ-១៩ ដើម្បីធានាបានការសិក្សាអប់រំប្រកបដោយភាពជោគជ័យ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានអប់រំទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្ដេចតេជោ បន្ដថា វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យឌីជីថលនៅក្នុងវិស័យនានា រួមទាំងការសិក្សាផងមានការរីកចម្រើន។ សម្ដេចតេជោ បន្ថែមថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួបមួយឆ្នាំ ដែលកម្ពុជាបើកសេដ្ឋកិច្ចឡើងវិញ ក្រោយយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ ហើយក៏ជួយសេដ្ឋកិច្ចកម្ពុជា មានកំណើនឡើងវិញ ផងដែរ។
សម្តេចតេជោ នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ពីការវិវឌ្ឍន៍ដ៏ល្អក្នុងវិស័យអប់រំ ដោយបានគូសបញ្ជាក់ថា ការវិវឌ្ឍន៍ដ៏ល្អនេះ ដោយសារតែកម្ពុជាមានសុខសន្តិភាព បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍន៍ ហើយបើគ្មានធធាននុស្ស ក៏គ្មានការអភិវឌ្ឍន៍ដែរ៕