នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បានចេញមកបញ្ជាក់ថា មេរោគកូវីដ១៩ប្រភេទបំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) គឺមានសមត្ថភាពអាចឆ្លងលឿនខ្លាំងទ្វេដងឯណោះ បើប្រៀបធៀបនឹងប្រភេទបំប្លែងខ្លួនថ្មី ដែលតា (Delta)។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាលកម្ពុជាបានសរសេរថា៖«អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ជាមេរោគព្រួយបារម្ភ និងដាក់ឈ្មោះ អូមីក្រុង (Omicron) ។ វាជាប្រភេទមេរោគបំលែថ្មី ដែលឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត»។
មេរោគបំប្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញប្រភពដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់មករកឃើញនៅប្រទេសបុតស្វាណា (Botswana), ណាមីបៀ (Namibia), ហ្ស៊ីមបាវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ។ ថ្មីៗនេះទៀត បានរកឃើញចំនួន២ករណីនៅក្រុងហុងកុងដែលអ្នកជំងឺបានធ្វើដំណើរត្រឡប់ពីប្រទេសអាហ្វ្រិកខាងត្បូង និងកំពុងរកឃើញដែរនៅប្រទេសដទៃទៀតដូចជា អ៊ីស្រាអែល អង់គ្លេស និងបែលហ្សិក ។
បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាលកម្ពុជា គឺរហូតពេលនេះ អង្គការសុខភាពពិភពលោកបានរកឃើញមេរោគបំប្លែងខ្លួនថ្មីដែលព្រួយបារម្ភចំនួន៥ប្រភេទគឺ អាល់ហ្វា បេតា ហ្កាម៉ា ដែលតា និង អូមីក្រុង។ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យបន្តអនុវត្ត៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ( ១១៥)៕