
ភ្នំពេញ ៖ រថយន្តម៉ាកកាមរីមួយគ្រឿងដែលបើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ន ក៏បានអកហ្សឺជាមួយនឹងម៉ូតូមួយគ្រឿង ជិះនៅពីមុខហើយក៏បានបួងចង្កូតធ្លាក់ចិញ្ចើមផ្លូវ ដែលបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលម៉ោង ១០ៈ៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាកកាមរីពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AB-0248 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏បានអកហ្សឺជាមួយនិងម៉ូតូមួយគ្រឿង មិនចាំម៉ាកនៅពីមុខក៏បានបួងចង្កូត គេចធ្លាក់ចិញ្ចើមផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងតែម្តង សំណាងល្អហេតុការណ៍ខាងលើនេះមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៏ទៃទេតែរថយន្តរងការខូចខាតបន្តិចបន្ទួចតែប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចពិនិត្យជុំវិញទីតាំងកន្លែងកើតហេតុ ដោយមិនប៉ះពាល់ទៅលើអ្នកដ៏ទៃ និងមិនប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់ រថយន្តបង្ក ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕