
ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រីដ បើកក្នុងល្បឿនយ៉ាងលឿន ក៏បានរេចង្កូតឆ្លងផ្លូវទៅបុកនិងបង្គោលភ្លើង ដែលបណ្តាលឲ្យរថយន្តប៉ើងខ្ទាតថយក្រោយ ធ្វើឲ្យរងខូចខាតយ៉ាងដំណំ និងអ្នកបើកបររងរបួសធ្ងន់ ។ហេតុការណ៍ខាងលើនេះដែរកើតឡើងកាលពីវេលាម៉ោង១ៈ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកកាមរីហាយប្រីដ ពាក់ស្លាកលេខ ភ្នំពេញ 2BF-9156 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៣៧១ ក្នុងល្បឿនយ៉ាងលឿន ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតឆ្លងផ្លូវ ជ្រុលទៅបុកផ្ទប់បង្គោលភ្លើង បណ្តាលឲ្យរងការខូចខាត និងអ្នកបើកបររងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រងចាំម្ចាស់ដោះស្រាយនៅពេលក្រោយ ៕