កណ្តាល៖ រថយន្តមួយគ្រឿង ខណៈដែលកំពុងឆ្លងទូក.ដ ចៃដន្យស្រាប់តែមានខ្យល់បោកបក់ខ្លាំង បណ្ដាលឲ្យរថយន្តមួយគ្រឿងនេះធ្លាក់ចូលក្នុងទឹកស្ទឹង ហើយម្ចាស់រថយន្តបានស្លាប់ក្នុងរថយន្តដោយមិនអាចជួយសង្គ្រោះបានឡើយ ។
ហេតុការណ៍រថយន្តក្រឡាប់ធ្លាក់ពីទូក.ដ នេះ បានកើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ទឹងក្រោយវត្តទួលស្លែង ភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ គីម ស៊ឹង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មានមុខរបរជាអ្នកសាងសង់ម៉េនសម្រាប់បូជាសព ។
បើតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា មានរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2X-3530 ដឹកសម្ភារៈសម្រាប់បូជាសពបើកឆ្លងទូក.ដ វត្តទួលស្លែង មានទិសដៅពីត្រើយខាងជើង ទៅត្រើយខាងត្បូង ភូមិត្រឡោកបែកទៅភូមិទួលស្លែង ខណៈកំពុងតែឆ្លងមកជិតដល់ត្រើយខាងត្បូង ក៏មានខ្យល់បោកបក់ខ្លាំងរេទូក.ដ ទៅទិសខាងលិចបណ្ដាលឲ្យក្រឡាប់លិចទូកនិងរថយន្តតែម្តង ។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯង ដោយមិនស្ដាប់តាមការណែនាំរបស់អ្នកបើកទូក.ដ ឲ្យរុះរើសម្ភារៈចុះខ្លះព្រោះពេលចម្លងខ្លាចក្រែងមានឧបសគ្គ តែជនរងគ្រោះមិនស្ដាប់ ហើយចចេសមិនធ្វើតាម ដោយថាខ្លួនប្រញាប់ទៅរៀបចំសង់ម៉េនបូជាសពអ្នកដទៃទៀត ។
ដោយអ្នកបើកបររថយន្តបង្ខំពេក ទើបអ្នកបើកទូកដរចម្លង បន្តដំណើររហូតដល់ត្រើយម្ខាងទៀតស្រាប់តែមានខ្យល់បោកបក់ខ្លាំងរេលិចទាំងទូកនិងអ្នកបើកបររថយន្តក្នុងទឹកស្ទឹងតែម្តង។
ចំពោះករណីនេះ ក្រោយពីទទួលបានព័ត៌មានភ្លាមលោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានដឹកនាំកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រង់យកមធ្យោបាយនិងជនរងគ្រោះឡើងគោក ជាលទ្ធផលនៃការស្រង់សពនិងមធ្យោបាយប្រើពេលអស់៨ម៉ោង តែម្ចាស់ឡានបានស្លាប់បាត់ទៅហើយ ។
បញ្ហានេះ ក្រុមគ្រួសារនៃសព បានសំណូមពរសមត្ថកិច្ចមិនប្ដឹងផ្ដល់ទាមទារលើភាគីណាទេ ដោយសារប្ដីខ្លួនបើកបរធ្វេសប្រហែសដោយខ្លួនឯង ហើយណាមួយទូកដរជារបស់វត្ត ចម្លងមិនបង់ប្រាក់និយាយរួមគឹសម្រាប់ចម្លងប្រជាពលរដ្ឋ ដោយភរិយានៃសព សូមសំណូមពរយកតែមធ្យោបាយដឹកសពប្តីទៅធ្វើបុណ្យតែប៉ុណ្ណោះ ៕