
កណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ក្រោយពីឆក់ទូរស័ព្ទតាមផ្លូវសាធារណៈបានសម្រេចតែត្រូវប្រជាពលរដ្ឋដេញ ស្ទាក់ចាប់បាន។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវជាតិលេខ៤ មុខរោងចក្របូវឃេីរ ស្ថិតនៅក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ ឈិន សុធាន ហៅឈុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះឈ្មោះ ដុក ស្រីធី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ បូវឃេីរ ស្នាក់នៅបន្ទប់ជួលភូមិអង្គស្នួលទី១ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកេីតហេតុជនរងគ្រោះបានចេញពីធ្វេីការនៅ រោងចក្រ បូវឃេី រួចជិះម៉ូតូរបស់ខ្លួនម៉ាក Zoomer X ទៅហូបបាយនៅបន្ទប់ជួលស្ថិតនៅភូមិអង្គស្នួលទី១ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស្រាប់តែពេលទៅដល់កន្លែងហូបបាយក៏បានត្រលប់ទៅធ្វេីការវិញនៅរោងចក្រ លុះពេលជិះទៅដល់ចំណុចមុខរោងចក្របូវឃេី ស្រាប់តែមានជនសង្ស័យ ម្នាក់បានជិះម៉ូតូម៉ាកម៉ាក ហុងដាប៊ីត (Honda Beat) ពណ៌ស ស៊រីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IZ-9049 មកតាមពីខាងក្រោយ ហេីយបានលូកដៃ ឆក់យកទូរសព្ទរបស់ជនរងគ្រោះ ដែលទុកនៅក្នុងហោប៉ៅខោខាងឆ្វេងបាត់ទៅ ពេលនោះជនរងគ្រោះបានស្រែកឲ្យគេជួយ ថាចោរ ចោរឆក់ទូរសព្ទ ហេីយមានប្រជាពលរដ្ឋនៅក្បែរនោះបានស្ទាក់ចាប់ និងតេហៅសមត្ថកិច្ចប៉ុស្តិ៍បែកចាន ចុះមកអន្តរាគមន៍ ហេីយបានសហការណ៍ជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកអង្គស្នួល នាំខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាល ។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ទូរសព្ទដៃ ០១គ្រឿង ម៉ាក Oppo A57 ពណ៌ទឹកសណ្ដែក (ជារបស់ ជនរងគ្រោះ)និងម៉ូតូ ០១គ្រឿង ម៉ាក ហុងដាប៊ីត (Honda Beat) មួយគ្រឿង។