
ភ្នំពេញ ៖ បើតាមប្រភពព័ត៌មានបានឱ្យដឹងថាបុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួន រួមទាំងអាវុធខ្លីចំនួន០១ដើម ដើម្បីយកទៅធ្វើការសាកសួរ បន្ទាប់ពីបុរសរូបនោះបានធ្វើសកម្មភាពបាញ់បោះដោយសេរីអស់ជាច្រើនគ្រា.ប់ដែលបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ៈ២០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅជិតភោជនីយដ្ឋាន ពិភពសាច់ញាតិអាំង១៦៨ ផ្លូវ៤៥៦ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
ប្រភពដដែលបានបន្តទៀតថា មានបុរសជាជនជាតិចិនម្នាក់ ដែលបច្ចុប្បន្នសមត្ថកិច្ចនៅមិនទាន់អោយស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ដកហូតបានអាវុធខ្លីចំនួន១ដើម និងសំបកកន្ទុះចំនួន០៦គ្រាប់តែប៉ុណ្ណោះ ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនជាតិចិនខាងលើ បានចុះពីលើរថយន្តស៊េរីទំនើបមួយគ្រឿង ហើយក៏មិនដឹងថា មានរឿងធ្វើនោះទេ? ក៏ស្រាប់តែដើរក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវ៤៥៦ លុះមកដល់ចំណុចកើតហេតុ ក៏បានដកកាំភ្លើ.ងខ្លីបាញ់ឡើងទៅលើមេឃចំនួន០៦គ្រា.ប់ផ្ទួនៗគ្នាដែលបង្កជាការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ។
សេចក្តីរាយការណ៍ដដែលបានបន្តទៀតថា បន្ទាប់ពីបាញ់ហើយ បុរសជនជាតិចិនរូបនោះ ក៏បានយកកាំភ្លើ.ងដាក់ចូលទៅក្នុងកាបូបវិញ ហើយដើរបន្តទៅមុខបាន១០០ម៉ែត្រ ក៏ត្រូវបងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនកម្លាំងអាវុធហត្ថខណ្ឌចំការមន ចុះទៅអន្តរាគមន៍ធ្វើការចាប់ឃាត់ខ្លួនបុរសជនជាតិចិនរូបនេះបានភ្លាមៗ រួមទាំងអាវុធខ្លីចំនួន១ដើម និងសំបកកន្ទុះចំនួន៦គ្រា.ប់ យកទៅធ្វើការសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន៕