
ភ្នំពេញ៖ រថយន្ត vigo ពណ៌សមួយគ្រឿងបើកឆ្លងផ្លូវត្រូវបានរថយន្តដឹកឥដ្ឋមួយគ្រឿងទៀតបើកបុកផ្នែកខាងក្រោយបណ្ដាលឱ្យរងការខូចខាត។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង០០ នាទីរសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ហាន់ណូយ កែងផ្លូវបេតុងភូមិរោងចក្រ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកវីហ្គោពណ៌សមួយគ្រឿង ពាក់ស្លាកលេខ 2BG-2348បានធ្វើដំណើរចេញពីផ្លូវលំ ក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវហាណូយ លុះខណៈពេលកំពុងធ្វើដំណើរឆ្លងផ្លូវ ត្រូវបានរថយន្តដឹកឥដ្ឋមួយគ្រឿង ពណ៌ស ពាក់លេខ ភ្នំពេញ 3E-6795 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងជ្រុលចង្កូតមករបុកថយន្តvigo ផ្នែកខាងក្រោយចំហៀងខាងឆ្វេងបណ្ដាលឲ្យរងការខូចកុំពិតផ្នែកខាងក្រោយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងចំនុចកើតហេតុក៏ឲ្យម្ចាស់រថយន្តទាំងពីរធ្វើការសម្របសម្រួលគ្នា បន្តិចក្រោយមកខាងរថយន្តដឹកឥដ្ឋក៏បានព្រមចេញសងថ្លៃការខូចខាតទៅឲ្យម្ចាស់រថយន្តវីហ្គោចំនួន ២០០ដុល្លារបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង។