
ភ្នំពេញ ៖ រថយន្តសេរីទំនើបមួយគ្រឿងដែលអ្នកបើកបរទំនងជាស្រវឹង បានបើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្បែរស្ពានអាកាស ៥មករា ដោយមិនបានឈប់ដោះស្រាយនោះទេ ហើយក៏បើករត់រហូតទៅដល់ចំណុចផ្លូវព្រះស៊ីសុវត្តិមាត់ទន្លេ រួចជ្រុលទៅបុកនិងកង់បីមួយគ្រឿងទៀតចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យកង់បីក្រឡាប់ផ្ងារជើងនិងរីឯអ្នកបើករងរបួស។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកបរកង់បីមួយពណ៌ស មិនមានផ្លាកលេខ បើកបរតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យម។ លុះមកដល់ត្រងកន្លែងកើតហេតុខាងលើ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AH-1434 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពទំនងជាស្រវឹងស្រាជោគជាំ ធ្វើដំណើរទិសដៅបញ្រ្ចាសគ្នា បានរេចង្កូតឆ្លងគន្លងផ្លូវ ទៅបុកកង់បីខាងលើពេញទំហឹង បណ្ដាលកង់បីប៉ើងក្រឡាប់ផ្ងារជើង ហើយភ្លាមនោះដែរ ក៏មានម៉ូតូមួយគ្រឿងទៀត ធ្វើដំណើពីត្បូងទៅជើងដោយអកហ្សឺនិងចាប់ហ្រ្វាំងមិនទាន់ផងនោះ ក៏ជ្រុលបុកកង់បីបន្តតែដោយសាម្ចាស់ម៉ូតូមិនខូចខាតអ្វីធ្ងន់ធ្ងរ ក៏ជិះចេញពីកន្លែងកើតហេតុបាត់ទៅ ។
ចំណែកឯម្ចាស់រថយន្តបង្កវិញ ត្រូវបានប្រជាពលរដ្ឋស្ទាក់ឃាត់បាននៅកន្លែងកើតហេតុ។
ក្រោយពីភាគីទាំងសងខាងដោយសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋានក៏ទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចនាំយករថយន្តនិងកង់បី ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕