
ព្រះសីហនុ ៖ ជនជាតិចិនតៃវ៉ាន់ ចំនួន០២នាក់ត្រូវបាននគរបាលឃាត់ខ្លួន ដកហូតអាវុធខ្លី០២ដើម និងម្សៅថ្នាំញៀនមួយចំនួន។
ហេតុការណ៍បង្រ្កាប់បទល្មើសខាងលើនេះកើតកឡើង កាលពីព្រឹកព្រលឹមថ្ងៃទី ២២ ខែតុលា២០២២។
ប្រភពពីលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ចំនួន០២នាក់ខាងលើនេះ ធ្វើឡើងក្រោយពីមានករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅក្បែរអាគារក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ អាវុធខ្លីចំនួន ០២ដើម ម៉ាក Glock 43 ពណ៌ខ្មៅ លេខៈ BTMB677, បង់២គ្មានគ្រាប់ និងម៉ាក Glock 19 ពណ៌ប្រផេះ លេខៈ AFPC642 ,បង់២ មាន១២គ្រាប់គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ២៩គ្រាប់, ខ្នោះដៃ០២គូរ, ម្សៅក្រាម ០៣កញ្ចប់តូច សង្ស័យជាសារធាតុញៀន ជញ្ជីងផ្លឹង ០១គ្រឿង, សម្ភារៈផ្សេងៗមួយចំនួនទៀត។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ រហូតជាង២ម៉ោង ទើបឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ជនជាតិចិន តៃវ៉ាន់ និងដកហូតបានវត្ថុតាងមួយចំនួន។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕