
ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានលួចយកម៉ូតូនារីជាសង្សារយកទៅបាត់ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២២ ក៏ត្រូវបានស្រ្តីដែលជាជនរងគ្រោះតាមរកឃើញចាប់ឃាត់ផ្អេីលពេញសួននច្បារវត្តបទុមវត្តី ។
ហេតុការណ៍ខាងលើនេះដែរ បានបង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២នេះ នៅសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានមានទំនាក់ទំនងស្នេហាតាមឆាតហ្វេសប៊ុក ជាមួយជនសង្ស័យឈ្មោះ ម៉ន បារាំង អាយុ ១៩ឆ្នាំ ហើយនៅថ្ងៃទី ១៨ ខែ តុលា ពួកគេបានណាត់ជួបគ្នា លើកដំបូង នៅម្តុំបែកចាន បន្ទាប់មកបុរសជាសង្សារក៏បានលួចម៉ូតូ Beat របស់នារីរងគ្រោះយកទៅបាត់តែម្តង ។ រហូតមកដល់ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ ម៉ោងប្រមាណ ៤ទៀបភ្លឺ ទើបនារីរងគ្រោះរកឃើញចាប់ឃាត់ជនសង្ស័យបាន នៅចំណុចសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចតុមុខបាននាំបុរសជាជនសង្ស័យដែលត្រូវបាននារីជាសង្សារចោទថាយកម៉ូតូនោះ មកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ចតុមុខ ដើម្បីធ្វើការចាត់ការតាមនីតិវិធីនៃច្បាប់ ៕