
ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានស្លា.ប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ក្រោយពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលបុកជាមួយរថយន្តព្រូសមិនចាំស្លាកលេខបានបើករត់គេចខ្លួនបាត់។
ហេតុការណ៍គ្រោះចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១ ៈ៤០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅត្រង់ចំណុចស្តុប២០០៤ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ដាញ់ ប៉ង់ ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរជាងដេគ័រ មានស្រុកកំណើតនៅភូមិដក់ពរ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។ ចំណែកអ្នករងរបួសធ្ងន់ម្នាក់ទៀតមានឈ្មោះ ហេង ភេទប្រុស ១៩ឆ្នាំ មុខរបរជួយលក់ដូរឪពុកម្ដាយនៅផ្ទះ មានស្រុកកំណើតភូមិ ឃុំ ជាមួយគ្នា។
បើតាមសម្ដីមិត្តភក្កិជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ និងមិត្តភក្តិមានស្រីមានប្រុសជាច្រើននាក់ ជិះម៉ូតូ ៥ ទៅ ៦ គ្រឿង ចេញពីស្រុកកំណើតនាំគ្នាមកចូលក្លឹបមួយកន្លែងនៅភ្នំពេញ ម្ដុំផ្សារដីហុយ។ លុះដល់ម៉ោងកើតហេតុខាងលើក៏នាំគ្នាជិះម៉ូតូទៅស្រុកកំណើតវិញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច ដោយមិត្តភក្តិប្រុសស្រីជាច្រើននាក់បានជិះម៉ូតូ ហួសទៅមុន ចំណែកជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ C-125 ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AC-2732 ។ ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកជាមួយរថយន្តព្រូសមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ ២០១១ ឆ្លងទៅផ្លូវ ២០៤៤ បើកបរក្នុងទិសដៅពីជើងទៅត្បូង បុកចំពីហៀងរថយន្តខាងឆ្វេងយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ស្លា.ប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្ត បានបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុរួចធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាបណ្ដោះអាសន្ន រងចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕