
ភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងសមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ និងរឹបអូសបានគ្រឿងញៀន១៦០គីឡូក្រាម។
ប្រតិបត្តិការបង្រ្កាបខាងលើនេះធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ កាលពីវេលាម៉ោង ១៤ៈ១៥នាទី ដោយ កម្លាំងជំនាញ (ក៧)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ លោកវរសេនីយ៍ទោ សាន សុខបាន នាយរងការិយាល័យ(ក៧) មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាប បទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ មក កម្ពុជា ការបង្រ្កាបករណីខាងនេះស្ថិតនៅចំណុច ផ្លូវជាតិលេខ៥៣ ក្នុង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពេលបង្រ្កាបជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់រួមមាន៖
១-ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម។
២-ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ឡាវ។
៣-ឈ្មោះ លឹម កុយ ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖-មេតំហ្វេតាមីន(ICE) ១៦០ដុំ ទម្ងន់ប្រមាណ១៦០គីឡូ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕