រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះរថយន្តកាមរី ដើរលួចស្លាកលេខរថយន្ត នៅចំណុចមាត់ប្រឡាយទឹកស្អុយ ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួន កាលពីវេលាម៉ោង០៣ម៉ោង៣០នាទីទៀបភ្លឺថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនចំនួន ០២នាក់ រួមមាន ៖
ទី១-ឈ្មោះ វ៉ង់ ខ័ណ្ឌដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (គ្មានផ្ទុកសារធាតុញៀន) ។
និងទី២-ឈ្មោះ សុខ រ៉ា ហៅ ណូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (គ្មានផ្ទុកសារធាតុញៀន) ។
បើសមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង ០៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាត ពួនស្ទាក់ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន ០២នាក់ ជិះរថយន្តម៉ាកកាមរី ពណ៌ស ឈប់នៅចិញ្ចើមផ្លូវ ដោយមានការសង្ស័យ កម្លាំងបានចូលទៅធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញផ្លាកលេខរថយន្តចំនួន ០៨បន្ទះ, ប័ណ្ណសម្គាល់យានយន្តចំនួន ០២សន្លឹក និងទុលឡឺវីស ចំនួន ០២ដើម ដាក់ក្នុងកាបូបស្ពាយ ពណ៌លឿង ចំនួនមួយ នៅក្នុងរថយន្តនោះ ឃើញដូច្នេះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នាំយកមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ ។
វត្ថុតាងដែលចាប់យបាន ដូចជា ៖ រថយន្តម៉ាកកាមរី ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 2A-1908, អាវដៃវែង ពណ៌ទឹកប៊ិច មានសក្តិ, មានសញ្ញាស៊ីង អ.ហ ចំនួន០២, មានឡូហ្គោអក្សរកងរាជអាវុធហត្ថចំនួន ០១, ទូរសព្ទដៃចាស់ ០១គ្រឿង ពណ៌ខ្មៅ, កាបូបស្ពាយ ពណ៌លឿង ចំនួន ០១គ្រឿង, ផ្លាកលេខរថយន្ត ចំនួន០៨បន្ទះ (ភ្នំពេញ 2BK-1605 ចំនួន០២បន្ទះ, ភ្នំពេញ 2AB-6722 ចំនួន០២បន្ទះ, ភ្នំពេញ 2BI-5845 ចំនួន០១បន្ទះ, ភ្នំពេញ 2AI-6108 ចំនួន០១បន្ទះ និងនគរបាល ២-1452 ចំនួន០២បន្ទះ), ប័ណ្ណសម្គាល់យានយន្តចំនួន ០២សន្លឹក និងទុលឡឺវីសចំនួន ០២ដើម ជារបស់ជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕