
ព្រះសីហនុ ៖ មនុស្សចំនួន០៣នាក់រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូនិងម៉ូតូយ ហើយភ្លាមៗនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ០៨:៣០នាទីយប់ថ្ងៃទី ១៦ ខែ តុលាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវឯករាជ្យ (ផ្លូវលេខ ១០០) ស្ថិតនៅក្នុងភូមិ ០៤ សង្កាត់ ០៤ ក្រុងនិងខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានប្រទះឃើញ ម៉ូតូមួយគ្រឿង ម៉ាក Honda dream 014 ពាក់ស្លាកលេខភ្នំពេញ 1CI-5788 បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅពីត្បូងមកជើង នៅតាមបណ្ដោយផ្លូវឯករាជ្យ ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើបានធ្វើការបត់ឆ្វេងដើម្បីចូលទៅផ្លូវមួយទៀត ស្របពេលនោះផងដែរ មានបុរសចំនួន០២នាក់ បើកបរម៉ូតូម៉ាក Exciter ពណ៌ក្រហមកាត់ខ្មៅ ក្នុងទិសដៅពីជើងមួយត្បូងដោយមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយនឹងម៉ូតូ Honda dream យ៉ាងពេញទំហឹងត្រង់ចំណុចស្តុបផ្លូវបំបែកជាបួន បណ្ដាលឲ្យម៉ូតូទាំងសងខាង រងការខូចខាតយ៉ាងដំណំ ចំណែកឯភាគី ម៉ូតូ Honda dream រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការសង្គ្រោះ និងភាគីខាង ម៉ូតូExciter រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនៃនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការវាស់វែងទៅលើវត្ថុតាងទាំងសងខាង ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕