ជនជាប់ចោទជាចោរប្លន់មួយក្រុមមានប្រុសមានស្រីចំនួនប្រាំបីនាក់ត្រូវបាននគរបាលខេត្តសៀមរាបចាប់ខ្លួនជាបន្តបន្ទាប់។
ក្នុងនោះមានបីនាក់ចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២៥ខែវិច្ឆិកាម្សិលមិញនៅស្រុកសូទ្រនិគម ចំណែក ប្រាំនាក់ទៀតចាប់ខ្លួននៅខេត្តបាត់ដំបងនិងខេត្តសៀមរាបពីថ្ងៃទី ២៦ខែវិច្ឆិកាឆ្នាំ២០២១។
លោក សុខ ម៉េងអ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា នេះថា ករណីអំពើលួចមានស្ថានមានស្ថានទម្ងន់ទោសនេះគឺជនសង្ស័យបានធ្វើសកម្មភាពកាប់នឹងកាំបិតប្លន់យកម៉ូតូពីរ គ្រឿងនេះបានកើតឡើងកាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅវេលាម៉ោងជាង១រំលងអធ្រាត្រទៀបភ្លឺ ស្ថិតនៅផ្លូវ៦០ ម៉ែត្រ ក្នុងភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប។
លោកបន្តថាប្រតិបត្តិការបង្ក្រាបនេះ ដោយឆ្លងកាត់ការស៊ើបអង្កេតនៅក្នុងខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តបាត់ដំបង និង ខេត្តសៀមរាប ។ពេលបង្ក្រាបកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងមានម៉ូតូជារបស់ជនរងគ្រោះចំនួនពីរគ្រឿង(បាន ប្រគល់ជូនជនរងគ្រោះវិញ )និងវត្ថុតាង កាំបិតមួយដើម ដែលធ្វើកម្មភាពកាប់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមទៅកាន់តុលាការរួចហើយដើម្បីចាត់ការតាមផ្លូវច្បាប់៕