
ភ្នំពេញ ៖ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាមប្រធ្នោះ ស្រុកកោះសូទិន បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិ ជនរងគ្រោះទាំងអស់ ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងសិស្សានុសិស្ស ក្នុងខេត្តកណ្តាល ដែលបានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បណ្ដាលឱ្យកូនសិស្សជាច្រើននាក់បានស្លាប់ក្នុងហេតុការនេះ។
នៅក្នុងសារលិខិតរំលែកទុក្ខរបស់ ឯកឧត្តម សុខ ចាន់ភក្តី មានខ្លឹមសារយ៉ាងដូចនេះថា «ខ្ញុំនិងភរិយា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារសពក្មួយៗសិស្សានុសិស្ស ដែលបានជួបគ្រោះថ្នាក់លិចទូកដ ក្នុងដំណើរវិលត្រលប់ពីសាលារៀនទៅផ្ទះរបស់ក្មួយៗ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយក្តីក្តុកក្តួលបំផុតនេះផង😭😭សមវិញ្ញាណក្ខន្ធក្មួយៗ បានទៅកាន់សុគតិភព និងឆាប់បានចាប់កំណើតជាថ្មីកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏នងសូមអរគុណដល់ អាជ្ញាធរសមត្ថកិច្ចគ្រប់ប្រភេទ បានចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះ និងស្វែងរកសព🙏❤️»។
ឯកឧត្តម សុខ ចាន់ភក្តី បានចូលរួមរំលែកមរណ:ទុក្ខយ៉ាងជ្រាលជ្រៅ ប្រកបដោយសេចក្តីសង្វេគជាពន់ពេក ជាមួយក្រុមគ្រួសារ និងសាច់ញាតិដែលបានបាត់បង់កូនៗ ចៅៗ ក្មួយៗ ជាសមាជិករបស់ខ្លួននៅក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធកូនៗ ចៅៗ ក្មួយៗ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។