
ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់សន្តិសុខបានសម្រេច តែក៏ត្រូវបានជនរងគ្រោះរត់ដេញចាប់រហូតបានម្នាក់ និងជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៩ៈ៥០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅចំណុចសួនច្បារខាងមុខអនុវិទ្យាល័យវត្តភ្នំ តាមបណ្តោយផ្លូវ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា មុនកើតហេតុ គាត់បានរៀបចំប៉ៅអ៊ី ដើម្បីសម្រាកយាមនៅខាងមុខឃ្លាំងកើតហេតុខាងលើ ហើយគាត់ក៏បានដាក់ទូរស័ព្ទទុកនៅលើកៅអីជ័រ ដើម្បីរៀបចំបន្ត ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន០២នាក់បានដើរមកក្បែរកៅអីជ័រ តែគាត់មិនបានចាប់អារម្មណ៍នោះទេ។ ជនរងគ្រោះក៏បានបន្តទៀតថា ភ្លាមៗនោះ ជនសង្ស័យទាំងពីរនាក់នេះក៏បានធ្វើសកម្មភាពលូកដៃទាញយកទូរស័ព្ទពីលើកៅអីបានសម្រេច ហើយជនសង្ស័យទាំងពីរនាក់នោះក៏បាននាំគ្នាំរត់គេចខ្លួន តែរូបគាត់ក៏ក្រឡេករកមើលទូរស័ព្ទមិនឃើញនៅលើកៅអី ក៏ស្ទុះរត់ដេញតាមពីក្រោយជនសង្ស័យទាំង២នាក់ រហូតមកដល់ត្រង់ចំណុចសួនច្បារខាងមុខអនុវិទ្យាល័យវត្តភ្នំ។
ជនរងគ្រោះបន្តទៀតថា ជនសង្ស័យម្នាក់បានរត់ឡើងកង់បីបម្រុងជិះរត់គេចខ្លួន តែត្រូវគាត់រត់ឡើងទៅក្របួចពីលើម៉ូតូកង់បីចុះមកវិញ ហើយក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាំទទួលស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនតែម្តង។ ចំណែកជនសង្ស័យម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល ។ ហើយទូរស័ព្ទដែលត្រូវជនសង្ស័យលួចយកនោះ ម៉ាក OPPO តម្លៃជាង២០០ដុល្លារ ដែលគាត់ទើបតែបង់រំលស់ពីហាងយកមកប្រើប្រាស់ទេ។