ការប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំអោយមានការប្រលងនៅថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមានទីតាំង ស្ថិតនៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បេក្ខជនអាចពិនិត្យមើលឈ្មោះ លេខតុ និងលេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទីព្រឹក នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុកនេះតែម្តង។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល ដើម្បីទៅបម្រើការងារនៅអង្គភាពនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ (ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីក្រមការ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល) ថា កាលបរិច្ឆេទ នៃការប្រឡងនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមានទីតាំង ស្ថិតនៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេក្ខជនអាចពិនិត្យមើល ឈ្មោះ លេខតុ និងលេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩.០០ នាទីព្រឹក នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ បេក្ខជនទាំងពីរភេទត្រូវរួសរាន់មកមណ្ឌលប្រឡង ដើម្បីអនុវត្តវិធានការសុខាភិបាល ដោយត្រូវវាស់កំដៅ ពាក់ម៉ាសគ្រប់ពេល (លើកលែងពេលមន្ត្រីអនុរក្សស្នើសុំឱ្យដោះម៉ាស) រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយ អាល់កុល បង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ មុនចូលក្នុងបរិវេណ មណ្ឌលប្រឡង។ក្នុងករណីពុំមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ ពុំអនុញ្ញាតឱ្យចូលក្នុងមណ្ឌលដើម្បីប្រឡងឡើយ។ ចំពោះព័ត៌មានផ្សេងៗទៀត បេក្ខជនអាចទំនាក់ទំនងបានទៅតាមទីកន្លែង ដែលបានដាក់ពាក្យសុំចុះឈ្មោះប្រឡង៕