
ភ្នំពេញ ៖ ជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ចាប់បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីដឹកជញ្ជូនគ្រឿងញៀនជាង១គីឡូ កាលពីព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០២២ នេះ។
ការឃាត់ខ្លួននិងបញ្ជូនជនជាតិចិនខាងលើនេះធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប និងចាប់ខ្លួនបានជនសង្ស័យម្នាក់ពេលដែលរូបបម្រុងដឹកជញ្ជូនគ្រឿង ញៀនឆ្លងដែនខុសច្បាប់ ចេញពីកម្ពុជាទៅប្រទេសថៃ បន្ទាប់ពីឃាត់ខ្លួនបានសមត្ថកិច្ចដកហូតបានគ្រឿងញៀនជាង ១គីឡូក្រាម។
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង១៨ៈ០០ នាទី សមត្ថកិច្ចគយនិងរដ្ឋាករ ប្រចាំការនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកចេញដំណើរ) បានសហការជាមួយ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរ លោកវរ:សេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក្រោមការសម្របសម្រួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យឧបករណ៍បំពងសម្លេង (Speaker) នៅគោលដៅ ច្រកចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ក្រោយពេលបង្រ្កាបជនសង្ស័យខាងលើ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ជនជាតិចិនម្នាក់ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ ឆ្នាំ រួមទាំងដកហូតបានវត្ថុតាង សារធាតុញៀនប្រភេទ កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១ គីឡូ ២.៤២ក្រាម ៕