ភ្នំពេញ ៖ ដើម្បីបង្កើត និងពង្រីកដៃគូសហការថែមទៀត នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) តំណាងដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ញូ ធី រីច ឯ.ក តំណាងដោយលោក ហាន សីហា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក្រោមអធិបតីភាពឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នៅទីស្នាក់ការក្រុមហ៊ុន The Premier Land Sensok ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងសំខាន់ៗរួមមាន ៖ ទី១. សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ដើម្បីផលប្រយោជន៍រួម ទី២. ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្តល់ផលប្រយោជន៍រួម ទី៣. បំពេញឲ្យគ្នានូវរាល់តម្រូវការចាំបាច់ ទៅតាមលទ្ធភាព ទី៤. រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់ ទី៥. រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឲ្យគ្នាទៅវិញទៅមក និងទី៦. រួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ជាប្រយោជន៍ដល់ប្រទេសជាតិ៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ ទឹម ស៊ីវឿន