
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្ត Mercedes Maybach សេរីទំនើប បុកម៉ូតូស្កូបពីយ៉ាងពេញទំហឹង បណ្តាលឱ្យភាគីពីរនាក់ដែលជិះម៉ូតូ បានស្លាប់ ដោយម្នាក់ស្លាប់នៅហ្នឹងកន្លែង និងម្នាក់ទៀតបានល្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ នៅព្រឹកថ្ងៃដដែល ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ បន្ទាប់ពីរថយន្តបុកពេញទំហឹងទៅលើម៉ូតូ បណ្តាលឲ្យមនុស្សខ្ទាតបាក់ដៃបាក់ជើង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ៣ៈ០០ ជិតភ្លឺ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ទាំង ០២នាក់ ឈ្មោះ ជួន ច័ន្ទសុផារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រី នគរបាលជាតិ ឋានន្តរស័ក្តិ ព្រិន្ទបាលទោ មានស្រុកកំណើតនៅភូមិក្រាំងបន្ទាយ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងឈ្មោះ ម៉ុក ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់រស់នៅភូមិកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
សូមបញ្ចាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះរថយន្ត Mercedes Maybach សេរីទំនើប បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសពីរនាក់បានស្លា.ប់ រួចរត់គេចខ្លួនពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចរកឃើញរថយន្តយកទៅប្លុងចោលតាមបណ្ដោយផ្លូវលេខ២៧៨ កែវផ្លូវលេខ១៥៧ ក្នុងមូលដ្ឋានសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង នៅជាប់របងវត្តមហាមន្ត្រី។ ពេលនេះសមត្ថកិច្ចបានស្ទូចយករថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកម្ចាស់អនុវត្តតាមច្បាប់៕