កណ្តាលៈ ជនសង្ស័យប្រុសស្រី ៤ នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកពញាឮ ឃាត់ខ្លួន កាលពីវេលាម៉ោងជិត ១ រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចព្រៃ ស្រះទឹក ភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ច បានអោយដឹងថាៈ មនុស្សប្រុសស្រីទាំង ៤ នាក់ ដែលត្រូវឃាត់ខ្លួននេះ រួមមានៈ
១. ឈ្មោះ តូ វី (ហៅ ឆ្អឹង) ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅ បច្ចុប្បន្ន ភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ (ជួញដូរ), ២. ឈ្មោះ ជួន សុខលីន (ហៅ ផា) ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាល ១ឆ្នាំ ៦ ខែ ក្នុងឆ្នាំ២០១៨ ពីបទរក្សារទុក ដោយខុសច្បាប់ នូវសារធាតុញៀន, ៣. ឈ្មោះ តឺម ផល្លា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន មានលំនៅ ភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ (ជួញដូរ) និង៤.ឈ្មោះ ឡៃ ចិន្តា (ហៅ ដា) ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរគ្មាន មានលំនៅ ភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (ប្រើប្រាស់)។ សមត្ថកិច្ច ពិនិត្យទឹកនោមជនសង្ស័យទាំង ៤នាក់នេះ មានផ្ទុកនូវសារធាតុញៀនទាំងអស់។
នៅពេលឃាត់ខ្លួន សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (ice) ចំនួន ១១ កញ្ចប់ (កញ្ចប់មធ្យម១ និងកញ្ចប់តូច ១០ កញ្ចប់ ទម្ងន់ ៥,៤៤ ក្រាម , ទូរសព្ទ័ដៃ ៤ គ្រឿង , ម៉ូតូ ២ គ្រឿង , ដាវ១ ដើម និងសម្ភារសម្រាប់វេចខ្ចប់ សារធាតុញៀន មួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤ នាក់ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីបន្តចាត់ការ តាមនីតិវិធី ៕