
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការបង្ក្រាបការជួញដូរមនុស្ស និងរឿងចុងក្រោយរកឃើញក្រឡាដ៏ល្អមួយនៅត្រង់ថា បង្កើត Channel ហ្វេសប៊ុក ឬតេឡេក្រាម ដើម្បីទទួលពាក្យបណ្ដឹងនានា ពាក់ព័ន្ធជួញដូរមនុស្សជាដើម ។
ការថ្លែងកោតសរសើរសម្តេចក្រឡាហោម ស ខេង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦” ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះសម្ដេចក្រឡាហោម ស ខេង ដែលបានខិតខំធ្វើរឿងជួញដូរមនុស្ស ហើយរឿងចុងក្រោយរកឃើញក្រឡាដ៏ល្អមួយនៅត្រង់ថា បង្កើត Channel Facebook ឬ Channel Telegram ឬ Channel ដ៏ទៃទៀត ដែលធ្វើឱ្យមិត្តបរទេសរបស់យើង ដែលមានពលរដ្ឋខ្លួន ត្រូវគេជួញដូរ ឬបង្ខាំង អាចរាយការណ៍ក្នុងគ្រប់ Channel បាន ដើម្បីយើងងាយធ្វើសហប្រតិបត្តិការ ក្នុងលុបបំបាត់ចំណុចអសកម្មទាំងអស់នេះ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងរយៈពេលកម្ពុជាបើកដំណើរការប្រទេសឡើងវិញ ឃើញថា ការជួញដូរមន្ស ជួញដូរគ្រឿងញៀន និងអពើខុសច្បាប់ដទៃទៀត មានការកើនឡើងគួរឱ្យចាប់អារម្មណ៍ ព្រមទាំងល្បែងស៊ីសង់កើតឡើងច្រើនណាស់ ហើយ សម្ដេចក្រឡាហោម ស ខេង ក៏បានដឹកនាំកិច្ចការងារនេះជាប្រចាំផងដែរ ។
សម្ដេចតេជោ ហ៊ុន សែន ក៏បន្ដទៀតថា សូមកុំចាំបាច់តែនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីមហាផ្ទៃ ស្រែកទើបនាំគ្នាបង្ក្រាបល្បែងស៊ីសង សូមនាំគ្នាធ្វើឱ្យដូចភ្លៀងរលឹម ផងដែរ៕