ដោយអនុវត្តតាមការណែនាំ និងបញ្ជាពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលបានជេប្រមាថកម្លាំងនគរបាលចរាចរណ៍នៅចំណុចស្ពានអាកសស្ទឹងមានជ័យ បានហើយ និងបញ្ជូនទៅសួរនាំនៅការិយាល័យចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស ពាក់ផ្លាកលេខភ្នំពេញ1BG-5792 ល្មើសច្បាប់ចរាចរណ៍នៅចំណុចស្ពានអាកាសស្ទឹមានជ័យ ដែលកម្លាំងនគរបាលកំពុងអនុវត្តច្បាប់ចរាចរណ៍ និងបានជេប្រមាថមកលើកម្លាំងសមត្ថកិច្ច ថែមទាំងរកវាយសមត្ថកិច្ចទៀតផង។
តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ថា ករណីនេះមិនត្រូវឲ្យកើតមានទៀតនោះ ក្នុងករណីអ្នកល្មើសច្បាប់ចរាចរណ៍ ហើយមិនអនុវត្តតាមមន្ដ្រីនគរបាលចរាចរណ៍បែរជាប្រមាថមើលងាយបែបនេះ ត្រូវចាប់វាយខ្នោះជាបន្ទាន់៕