
រតនគិរី ៖ ស្ត្រីម្នាក់ត្រូវបានស្លា.ប់ពេលដែលក្រុមគ្រួសារដឹកបញ្ជូនដល់មណ្ឌលសុខភាព ក្នុងហេតុការណ៍កង់រថយន្តរបូតរមៀល បុកត្រូវ ក្នុងពេលដែលជនរងគ្រោះកំពុងអង្គុយនៅខាងមុខផ្ទះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៧៨ ស្ថិតនៅត្រង់ចំណុចភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
ជនរងគ្រោះខាងលើមានឈ្មោះ មុី ភា ភេទស្រី អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុ រថយន្តម៉ាកSCANIA ពណ៌ស ប្រផេះ ពាក់ស្លាកលេខ រតនគិរី 3A-8866 អូសសណ្តោងសឺមុីរុឺម៉ក ពាក់ស្លាកលេខ កំពង់ស្ពឺ4A-0255 បើកពីកើតទៅលិច ។លុះមកដល់ចំណុចកើតហេតុ ស្រាប់តែដាច់របូតកង់រុឺម៉កខាងក្រោយ ផ្នែកខាងស្តាំ រមៀលបោលទៅបុកស្ត្រីរងគ្រោះកំពុងអង្គុយមុខផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅដល់មណ្ឌលសុខភាព ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ជនរងគ្រោះបានស្លា.ប់។ ចំណែករថយន្តមិនបានឈប់ទេ បន្តដំណើរទៅមុខ រហូតដល់ភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ទើបសមត្ថកិច្ចតាមទាន់ តែអ្នកបើកបរចុះគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះពិនិត្យជាក់ស្តែង រួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។រីឯរថយន្តត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕