
ភ្នំពេញ ៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍មួយដោយបុរសម្នាក់ជាមន្ត្រីយោធាបានបាតបង់ជីវិតក្រោយត្រូវរថយន្ដមួយគ្រឿងបុកចំពេញទំហឹង បណ្ដាលឲ្យម៉ូតូនិងមនុស្សខ្ទាតជាង ១0 ម៉ែត្រ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 3:10 នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2022 ក្នុងសង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេល គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក honda vision ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FF-5411 បើកបរតាមបណ្ដោយផ្លូវជាតិលេខ 4 ក្នុងទិសដៅពីត្បូងមកជើង។
លុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានសុីញូបត់ឆ្វេង ស្រាប់តែមានរថយន្តម៉ាកសាំយ៉ុងមួយគ្រឿង មិនចាំស្លាកលេខ បើកបរទិសដៅបញ្ច្រាស់គ្នា ហើយបានបុកពេញទំហឹង បណ្ដាលឲ្យម៉ូតូនិងមនុស្សខ្ទាតជាង ១0 ម៉ែត្រ រងការខូចខាតម៉ូតូយ៉ាងដំណំ ឯអ្នកបើកបរបានបាត់បង់អាយុជីវិតនៅកន្លែងកើតហេតុ។
សពជនរងគ្រោះមានឈ្មោះ យឿន សុវណ្ណ ភេទប្រុស អាយុ 50 ឆ្នាំ មុខរបរជាមន្ត្រីយោធា បច្ចុប្បន្នស្នាក់នៅ សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុ គេឃើញមានសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការវាសវេង រួចយកម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំស្វែងរករថយន្តបង្ក ចូលខ្លួន មកដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះ សម្ថកិច្ចធ្វើកំណត់ហរតុ ហើយបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕