
ភ្នំពេញ ៖ យុវជនមួយក្រុមមានគ្នាចំនួន ០៣នាក់បានចូលមកអង្គុយលេងនៅការ៉ាសសាំង មួយសន្ទុះស្រាប់តែមានយុវជនមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោចដុំថ្មខ្សែក្រវ៉ាត់ មួកការពារ ជិះម៉ូតូចូលមកវាយយុវជនទាំងបីនាក់ បណ្ដាលឲ្យរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២ៈ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅៅមុនពេលកើតហេតុគេឃើញមានយុវជនមួយក្រម ម៉ូតូរបស់យុវជនទាំងបីនាក់មួយគ្រឿងម៉ាក ឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1I-0572 ត្រូវក្រុមជនសង្ស័យភាគីម្ខាងទៀតវាយដំខ្ទេចខ្ទី។ក្រោយពីបង្កហិង្សារវាយតប់រួចហើយយុវជនទាំងនោះបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗនិងបានឃាត់ខ្លួនយុវជនទាំង 3 នាក់នៅកន្លែងកើតហេតុ យកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់អូរបែកក្អម៕