កណ្ដាល៖ ដោយមានការបញ្ជានិងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងដឹកនាំសម្របសម្រួលដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា អបសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ, ចូលរួមលោកឧត្តមសេនីយ៍ស្នងការរង មេបញ្ជាការរង កងរាជអាវធហត្ថខេត្ត លោកនាយ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្ត លោកអធិការ អធិការរង នាយប៉ុស្តិ៍រដ្ឋបាល មេបញ្ជាការកងរាជអាវុធហត្ថស្រុកសម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ក្នុងចំណោមបក្សពួក៥នាក់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។
ជនរងគ្រោះឈ្មោះ ឆែម ឆា ភេទ ប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រយៈពេលជាច្រើនឆ្នាំមកហើយឈ្មោះ អ៊ាន់ ម៉េងឡេង បានប្រព្រឹត្តជួញដូរនូវសារធាតុញៀនជាលក្ខណៈធំ និងរយៈពេលជាច្រើនខែមកហើយឈ្មោះ អ៊ាន់ ម៉េងឡេង បានស្នាក់នៅក្នុងកុងតាន័រក្នុងក្រុមហ៊ុន 7NG ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ហើយឈ្មោះ យឿន សុខនឿន ហៅ ម៉េងតូច ឈ្មោះ ជឿន ជីវ័ន្ត ឈ្មោះ ង៉ោ បានមកស្នាក់នៅជាមួយ ធ្វើជាអ្នកដឹកជញ្ជូនថ្នាំញៀនឲ្យតាមម៉ូយរបស់ឈ្មោះ អ៊ាន់ ម៉េងឡេង ហើយឈ្មោះ អ៊ាន់ ម៉េងឡេង មានអាវុធខ្លីចំនួនពីរដើមមានម៉ាកឡុក98 ពណ៌ខ្មៅ ចំនួន០១ដើម និងម៉ាកប៉េអាតា ពណ៌ស ចំនួន ០១ដើម ហើយឈ្មោះ អង់ ភេទប្រុស នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឲ្យគ្រាប់កាំភ្លើងឡុកមកឲ្យឈ្មោះ អ៊ាន់ ម៉េងឡេង ចំនួន ១៣គ្រាប់ ហើយឈ្មោះ អ៊ាន់ ម៉េងឡេង បានយកគ្រាប់កាំភ្លើងនោះមករក្សាទុក។
ប្រភពព័ត៌មានដដែលបានបន្តថា រយៈពេលជាង១ខែមកហើយឈ្មោះ អង់ បានឲ្យកាំភ្លើង K54 ចំនួន០១ដើមមកឈ្មោះ អ៊ាន់ ម៉េងឡេង រក្សាទុកបន្ទាប់មកឈ្មោះ អង់ ត្រូវបានសមត្ថកិច្ចនគរបាល ខេត្តកំពង់ចាម ឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន។
ឯឈ្មោះ អាង រស្មី ហៅ ចែង ហៅ ស៊ុយ ដែលជាអ្នកយកគ្រឿងញៀនពីឈ្មោះ អ៊ាន់ ម៉េងឡេង ទៅចែកចាយបន្ត ហើយមានផ្ទះនៅជិត និងផ្ទះជនរងគ្រោះ បាននិយាយប្រាប់ឈ្មោះ អ៊ាន់ ម៉េងឡេង ថាឈ្មោះ ឆែម ឆា បានតាមដានពួកយើងពីរឿងចែកចាយថ្នាំញៀន ហើយឈ្មោះ ឆែម ឆា ដែលជាជនរងគ្រោះក៏ធ្លាប់ទៅលបមើលឈ្មោះ អ៊ាន់ ម៉េងឡេង ឈ្មោះ អាង រស្មី និងបក្សពួកដែលកំពុងចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅចំការឫស្សីពីងពង់នៅភូមិដុល ហើយចាប់ពីពេលនោះមកឈ្មោះ អ៊ាន់ ម៉េងឡេង ក៏តាមដាននិងរៀបចំគម្រោងសម្លាប់ឈ្មោះ ឆែម ឆា ដោយឈ្មោះ អ៊ាន់ ម៉េងឡេង ឧស្សាហ៍ចេញចូលផ្ទះឈ្មោះ ម៉ោង ម៉ៃ ភេទប្រុស នៅភូមិដុល ឃុំសន្លុង ដែលជាអ្នកចែកចាយបន្តពី ឈ្មោះ អ៊ាន់ ម៉េងឡេងហើយរយៈពេលជាងកន្លះខែមកហើយឈ្មោះ អ៊ាន់ ម៉េងឡេង បានឲ្យកាំភ្លើងខ្លី ម៉ាក K54 ដែលឈ្មោះ អង់ ឲ្យមកខ្លួននោះបានឲ្យទៅឈ្មោះ ធួន ធា ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិលបន្តទៀត។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ អ៊ាន់ ម៉េងឡេង បានឲ្យកាំភ្លើងខ្លីម៉ាកប៉េអាតា ពណ៌ ស ទៅឈ្មោះ សុទ្ធ ភារៈ ភេទ ប្រុស នៅភូមិដុល ឃុំសន្លុង ដែលជាអ្នកដឹកជញ្ជូនថ្នាំញៀនឲ្យតាមម៉ូយ របស់ខ្លួន បន្ទាប់មកសមត្ថកិច្ចខេត្តព្រៃវែង បានឃាត់ខ្លួនឈ្មោះ សុទ្ធ ភារៈ និងដកហូតយកកាំភ្លើងម៉ាកប៉េអាតាពីបទចែកចាយថ្នាំញៀន។ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៧និង០០នាទីឈ្មោះ អ៊ាន់ ម៉េងឡេង ជិះម៉ូតូម៉ាក Honda Beat ពណ៌ស លាយក្រហម ឌុបឈ្មោះ យឿន សុខនឿន ហៅ ម៉េងតូច និង ឈ្មោះ ង៉ោ ជិះម៉ូតូម៉ាកលេត ឌុបឈ្មោះ ជឿន ជីវ័ន្ត ចេញពីទូរកុងតាន័រ ក្នុងក្រុមហ៊ុន 7NG មកយកថ្នាំញៀនពីឈ្មោះ រ៉ុម រ៉ាសា ភេទ ប្រុស នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ដោយឈ្មោះ អ៊ាន់ ម៉េងឡេង ទុកអាវុធខ្លីម៉ាកឡុក98 ក្នុងឃ្លុបម៉ូតូខាងមុខចំហៀងខាងស្ដាំដោយអាមេបញ្ចូលគ្រាប់បើកសោររួចជាស្រេច ហើយពេលយក ថ្នាំញៀនបានឈ្មោះ អ៊ាន់ ម៉េងឡេង ឈ្មោះ យឿន សុខនឿន ឈ្មោះ ង៉ោ ឈ្មោះ ជឿន ជីវ័ន្ត បានជិះម៉ូតូត្រឡប់សំដៅទៅភូមិដុល ឃុំសន្លុង ទាំងអស់គ្នា ។ ដល់វេលាម៉ោង ១៨និង០០នាទី ពេលទៅដល់ផ្លូវកែង ភូមិថ្មី ឃុំសន្លុង និងភូមិដុល ឃុំសន្លុង ឈ្មោះ អ៊ាន់ ម៉េងឡេង បានប្រាប់ឈ្មោះ ង៉ោ ឲ្យជិះម៉ូតូបត់ឡើងមកវត្តសន្លុងវិញ ដើម្បីទិញទឹកផឹក ពេលនោះឈ្មោះ ង៉ោ បានជិះម៉ូតូឌុបឈ្មោះ ជឿន ជីវ័ន្ត មកពីមុខ ឯឈ្មោះ អ៊ាន់ ម៉េងឡេង ជិះម៉ូតូឌុបឈ្មោះ យឿន សុខនឿន មកពីក្រោយ ពេលជិតដល់កាល់រ៉ាសាំងតេលាភូមិសន្លុង ក៏ឃើញឈ្មោះ ឆែម ឆា ជិះម៉ូតូម៉ាកវ៉េវអាហ្វា ពណ៌ស ពីលិចទៅកើត បញ្ច្រាស់ទិសគ្នា ពេលឃើញដូចនោះឈ្មោះ អ៊ាន់ ម៉េងឡេង សួរឈ្មោះ យឿន សុខនឿន ថានេះ តាឆា ដែល
អាស៊ុយប្រាប់ថាគាត់តាមដានយើង ឈ្មោះ យឿន សុខនឿន ឆ្លើយថា ខ្ញុំអត់ដឹងទេ ពេលនោះឈ្មោះ ង៉ោ បានជិះម៉ូតូមកឈប់នៅការ៉ាស់សាំងតេលា ឯឈ្មោះ អ៊ាន់ ម៉េងឡេង ជិះម៉ូតូឌុបឈ្មោះ យឿន សុខនឿន ត្រឡប់តាមទៅមើលឈ្មោះ ឆែម ឆា ពេលជិះហួសឈ្មោះ ឆែម ឆា បានបន្តិចឈ្មោះ អ៊ាន់ ម៉េងឡេង បានជិះម៉ូតូត្រឡប់មកក្រោយវិញ ពេលផុតម៉ូតូរបស់ឈ្មោះ ឆែម ឆា ចម្ងាយប្រហែល៣ម៉ែត្រ ឈ្មោះ អ៊ាន់ ម៉េងឡេង បានបត់ម៉ូតូមកដេញតាមឈ្មោះ ឆែម ឆា វិញ ពេលមកដល់ទន្ទឹមនិងម៉ូតូរបស់ឈ្មោះ ឆែម ឆា ចំហៀងខាងឆ្វេង ឈ្មោះ អ៊ាន់ ម៉េងឡេង បានយកដៃស្ដាំ ដកកាំភ្លើងពីឃ្លុបម៉ូតូខាងមុខបាញ់ទៅលើឈ្មោះ ឆែម ឆា ត្រូវចំទ្រូងខាងស្ដាំរបួសមួយកន្លែង និងត្រូវក្បាលចំនួន២គ្រាប់បណ្ដាលឲ្យដួលម៉ូតូហើយស្លាប់នៅនិងកន្លែង បន្ទាប់មកឈ្មោះ អ៊ាន់ ម៉េងឡេង បានជិះម៉ូតូឌុបឈ្មោះ យឿន សុខនឿន បន្តទៅមុខទៀត ឯឈ្មោះ ង៉ោ បានបត់ម៉ូតូពីការ៉ាស់សាំងតេលាឌុបឈ្មោះ ជឿន ជីវ័ន្ត ទៅតាមក្រោយម៉ូតូរបស់ឈ្មោះ អ៊ាន់ ម៉េងឡេង ដោយជិះបិទភ្លើង ហើយជនសង្ស័យទាំងបួននាក់ជិះម៉ូតូទាំងពីរ
គ្រឿងចូលទៅជួបឈ្មោះ អាង រស្មី ហៅ ស៊ុយ នៅក្នុងចំការពីងពង់ក្រោយផ្ទះឈ្មោះ តូ តាំង នៅចុងភូមិថ្មីខាងលិចភូមិដុល ហើយឈ្មោះ អ៊ាន់ ម៉េងឡេង បានប្រគល់កាំភ្លើងខ្លីម៉ាកឡុកដែលខ្លួនធ្វើសកម្មភាពបាញ់ នោះឲ្យទៅឈ្មោះ អាង រស្មី រក្សាទុក និងគ្រឿងញៀនម៉ាទឹកកកចំនួន ០២កញ្ចប់ និងនាំគ្នាជក់ថ្នាំញៀននៅក្នុងចំការឫស្សីពីងពង់ រហូតដល់ម៉ោង ២១និង០០នាទី យប់ថ្ងៃដដែលទើបឈ្មោះ អ៊ាន់ ម៉េងឡេង ឈ្មោះ យឿន សុខនឿន ឈ្មោះ ជឿន ជីវ័ន្ត និងឈ្មោះ ង៉ោ បានជិះម៉ូតូទៅដេកក្នុងទូរកុងតាន័រក្នុងក្រុមហ៊ុន 7NG ទាំងអស់គ្នា ឯឈ្មោះ អាង រស្មី បានជិះម៉ូតូយកកាំភ្លើងរបស់ឈ្មោះ អ៊ាន់ ម៉េងឡេង ទៅផ្ទះរបស់ខ្លួន រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ អ៊ាន់ ម៉េងឡេង ឈ្មោះ យឿន សុខនឿន ឈ្មោះ ជឿន ជីវ័ន្ត ឈ្មោះ អាង រស្មី បាន ឯឈ្មោះ ង៉ោ គេចខ្លួនបាត់។
ជុំវិញករណីនេះ កម្លាំងសត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលកំពុងបន្តអនុវត្តតាមនីតិវិធី៕